ពាននរង្វាន់បាល់ទាត់មហាជនធំជាងគេប្រចាំខេត្តស្វាយរៀង ឈ្មោះថា«ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៣ ឆ្នាំ២០១៧ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានចាប់លក់ពាក្យទទួលចុះឈ្មោះក្រុមចូលរួមប្រកួតហើយ។
យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការរៀបចំការប្រកួតបានឱ្យដឹងថាពាក្យសុំចូលរួមប្រកួត ចាប់លក់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ដោយក្នុង១ច្បាប់តំលៃ៣០,០០០រៀល ដោយការលក់ពាក្យ និងដាក់ពាក្យសុំចូលរួមប្រកួតនឹងត្រូវផុតកំណត់នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧។
ចំណែកលក្ខន្តិកៈនៃការប្រកួតសម្រាប់រដូវកាល២០១៧នេះ បានកែប្រែនូវរូបមន្តប្រកួតខ្លះដោយអនុញ្ញាតិអោយក្រុមនីមួយៗអាចចុះឈ្មោះកីឡាករមកពីខេត្តផ្សេងចូលរួមបានចំនួន៣នាក់ និងកីឡាករអាជីពនៅក្នុងលីគកំពូលកម្ពុជា ដាច់ខាតត្រូវបានបញ្ចប់អាជីពមុនឆ្នាំ២០១៥។ គោលបំណងក្នុងការរៀបចំពានរង្វាន់នេះឡើងដើម្បីលើកស្ទួយវិស័យកីឡាក្នុងខេត្ត ព្រមទាំងផ្តល់ភាពសប្បាយរីករាយដល់ប្រជាជនក្នុងខេត្ត និងជំរុញឲ្យយុវជន យកពេលវេលា មកចូលរួមលេងកីឡា ជៀសវាងទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។
ការប្រកួតធ្វើឡើងនៅលើទីលានស្មៅធម្មជាតិ នៃកីឡដ្ឋានខេត្តស្វាយរៀង ខណៈនេះជាលើកទី៣បន្ទាប់ពីបង្កើតចាប់តាំងពីឆ្នាំ២០១៥ដោយត្រូវបានផ្តួចផ្តើមបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដែលមានឯកឧត្តម ឌី វិជ្ជា ជាប្រធាន ស្របពេល២លើកន្លងទៅ ក្រុមបាល់ទាត់ ស.ស.យ.ក ក្រុងបាវិត ជាម្ចាស់ជើងឯកទាំង២ឆ្នាំជាប់ៗគ្នា។
សូមរំលឹកថាកាលពីឆ្នាំដំបូងមានក្រុមចូលរួមចំនួន ៣៣ក្រុម តែកាលនោះធ្វើការប្រកួតនៅលើស្មៅសិប្បនិម្មិត (ម្ខាង៩នាក់) ក្នុងវគ្គជំរុះក្នុងពូល និងវគ្គខ្វែងទើបមកប្រកួត នៅលើទីលានស្មៅធម្មជាតិ១១នាក់។ ចំណែកឆ្នាំទី២មានក្រុមចូលរួមចំនួន ២៩ ក្រុមបែងចែកជា ៨ ពូល លើទីលានកីឡដ្ឋានខេត្តស្វាយរៀង ផ្ទាល់តែម្ដង កាលនោះក្រុមដែលមានចំណាត់ថ្នាក់ល្អចំនួន២ក្រុមតាមពូលនីមួយៗមានកៅអីឡើងទៅលេងវគ្គ១៦ក្រុមចុងក្រោយជាបន្ត រហូតដល់វគ្គផ្ដាច់ព្រ័ត្រ៕