ការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន លើកទី១ ឆ្នាំ២០១៧ បានឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដោយគណៈកម្មការបច្ចេកទេសបានរៀបចំចាប់ឆ្នោតចែកពូលជាថ្មី សម្រាប់ក្រុមខ្លាំងៗទាំង៤ កាលពីចុងសប្តាហ៍កន្លងទៅ នៅមណ្ឌលកីឡាដ្ឋានកងយោធាពលខេមរភូមិន្ទ។
ក្រុមខ្លាំងៗទាំង៤ ដែលឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ រួមមាន៖ ក្រុម Pisnoka FC ជួបជាមួយក្រុមសម្ព័ន្ធយុវជនមូស្លីមកម្ពុជា, ក្រុមអាណាចក្របៃតង ប៉ះក្រុម Old Town Garden ដែលការប្រកួតនឹងត្រូវចាប់ផ្តើម នៅថ្ងៃទី៣០ កញ្ញា ឆ្នាំ២០១៧ នៅមណ្ឌលកីឡដ្ឋានកងយោធាពលខេមរភូមិន្ទ។
ឯកឧត្តម ធុល នាង ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងជាប្រធានគ្រប់គ្រងការប្រកួតបានលើកឡើងថា ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចពញាចក្រី ហេង សំរិន លើកទី១ ឆ្នាំ២០១៧នឹងក្លាយជាផ្នែកមួយ ជួយអភិវឌ្ឍកីឡាករត្រៀមពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ។
ការរៀបចំកម្មពិធីនេះ បង្កើតឡើងក្នុងគោលបំណង បង្កើនសាមគ្គីភាព មិត្តភាព ជាពិសេសដើម្បីបំផុសស្មារតី ស្រឡាញ់ចូលចិត្ត និងលេងកីឡាបាល់ទាត់ ដើម្បីសុខភាព ព្រមទាំងផ្តល់ឱកាសដល់យុវជនចូលរួមលេងកីឡា ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។
សូមបញ្ជាក់ថា សម្រាប់ពានរង្វាន់ពានរង្វាន់ បាល់ទាត់សម្តេច អគ្គមហាពញាចក្រី ហេង សំរិន លើកទី១នេះបានត្រៀមប្រាក់រង្វាន់ ២៤,០០០,០០០រៀល ជូនដល់ក្រុមជើងឯក ហើយក្រុមដែលទទួលបានជើងឯករងនឹងទទួលបាន ១២,០០០,០០០រៀល និងក្រុមចំណាត់ថ្នាក់លេខ៣ នឹងទទួលបានទឹកប្រាក់ ៦,០០០,០០០រៀល៕