អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម២០ឆ្នាំ និង២៣ឆ្នាំ លោក Shin Tae-yong ត្រូវបានតំឡើងតំណែងតួនាទីជាគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូង បើយោងតាមការចុះផ្សាយព្រឹកថ្ងៃអង្គារ៍នេះ។
យ៉ាងណាគ្រូបច្ចេកទេសនៃសហព័ន្ធកីឡាបាល់ទាត់កូរ៉េ លោក Kim Ho-gon ថា Shin នឹងអាចជួយអោយក្រុមឡើងទៅលេងពានរង្វាន់ 2018 FIFA World Cup។
Shin បានចូលមកជំនួសលោក Uli Stielike ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីខែមុននេះក្រោយ កូរ៉េខាងត្បូង ចាញ់ កាតា ៣ទល់២ ក្នុងវគ្គជម្រុះតំបន់អាសុី នៃពានរង្វាន់ FIFA World Cup។
ការចូលមកកាន់តំណែងលើកនេះគឺដាច់ខាតត្រូវតែយកឈ្នះ២ប្រកួតដែលនៅសល់ដើម្បីទទួលបានកៅអីស្វ័យប្រវត្តិលេង 2018 FIFA World Cup ដោយបច្ចុប្បន្នមាន១៣ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង អុីរ៉ង់ ចំនួន៧ពិន្ទុ ដែលមានឱកាសលេងរួចស្រេចទៅហើយ និងមាន១ពិន្ទុលើ អ៊ូសបេគីស្ថាន។
កូរ៉េខាងត្បូង ធ្វើជាម្ចាស់ផ្ទះពេលប្រកួតជាមួយ អុីរ៉ង់ នៅថ្ងៃទី ៣១ ខែ សីហា ខាងមុខនេះ និងជួប អ៊ូសបេគីស្ថាន ៥ថ្ងៃបន្ទាប់ នៅទីក្រុង Tashkent ។ បញ្ជាក់ថា ក្រុមកំពូលតារាងចំនួន២ក្នុងពូលនីមួយៗនឹងទទូលតំណែងសម្រាប់លេងវគ្គចែកពូលដែលធ្វើឡើងនៅប្រទេសរួហ្សុី ចំណែកលេខ៣ធ្វើការប្រកួតគ្នារកអ្នកឈ្នះដើម្បីប្រកួតខ្វែងជាមួយក្រុមជម្រើសជាតិមកពីទ្វីបអាមេរិក។