ក្លិបនៅលីគកំពូលឥណ្ឌា ( Indian Super League ) Kerala Blasters បាននាំយកអតីតកីឡាករ Manchester United និង Tottenham Hotspur ខ្សែប្រយុទ្ធ Dimitar Berbatov សម្រាប់ត្រៀមខ្លួនមុនរដូវកាលថ្មី ២០១៧-២០១៨ ចាប់ផ្តើម។

បុរសវ័យ៣៦ឆ្នាំ បានចុះកិច្ចសន្យារយៈពេល១ឆ្នាំ ដោយពុំមានតម្លៃខ្លូនក្រោយចាកចេញពីក្លិបរបស់ក្រិច PAOK Salonika កាលពីខែ មិថុនា ឆ្នាំ២០១៦។

Berbatov ក៏បានប្រាប់ពីមូលហេតុនៅពីក្រោយការផ្ទេរទៅកាន់ក្លិប Kerala Blasters យ៉ាងដូច្នេះ « មូលហេតុចំបងបំផុតគឺគ្រូបង្វឹក យើងបាននិយាយទូរស័ព្ទជាមួយគ្នា ដោយគាត់បានពន្យល់ប្រាប់ថាចង់ធ្វើការជាមួយខ្ញុំ្តម្តងទៀត។ ដឹងថាគាត់យល់បាល់ទាត់កម្រិតណា ដោយវាយមិនជាស្ថានភាពពិបាកក្នុងការសម្រេចចិត្តនោះទេ។ ពិតណាស់ ក្លិបបង្ហាញថាពួកគេចង់បានខ្ញុំ និងតែងតែទាក់ទងជាមួយភ្នាក់ងាររបស់ខ្ញុំ ដោយក្តីគោរព។ ហេតុផលនេះគ្រប់គ្រាន់ល្មមអោយខ្ញុំក្តោបយកឱកាសក្នុងការប្រកួតប្រជែងនៅលីគថ្មីមួយទៀត »។

Berbatov គឺជាកីឡាកររបស់ជម្រើសជាតិប៊ុលហ្គារី ទាត់បញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាត្តដោយរកបាន ៤៨គ្រាប់ ក្នុងចំណោម៧៩ប្រកួត។ បានចូលរួមជាមួយ United ពី Spurs កាលពីឆ្នាំ២០០៨ ក្នុងតម្លៃឯកត្តកម្ម ៣០លានផោន។

នៅជាមួយ Manchester កីឡាកររូបនេះទាត់បញ្ចូលទី៤៨គ្រាប់ ក្នុងចំណោម ១០៨ប្រកួតនៅ Premier League និងឈ្នះពាន២លើក។

Berbatov នៅចូលរួមជាមួយគ្រូបង្វឹកថ្មី Rene Meulensteen របស់ក្លិប Kerala ដែលធ្លាប់ធ្វើការជាមួយគ្នាកាលពីនៅ Old Trafford និង Fulham។

កាលពីសប្តាហ៍មុនក្លិបឥណ្ឌាក៏បានចុះកិច្ចសន្យាជាមួយអតីតខ្សែការពារក្លិប Manchester United កីឡាករ Wes Brown៕