ប្រភព Southern Metropolis Daily បានរាយការណ៍ថាក្លឹបលេងនៅលីកកំពូលចិន Hebei China Fortune មិនបានធ្វើការស្នើទិញយក Alexis Sanchez ពីក្រុមកាំភ្លើងធំ Arsenal នោះឡើយ។
ខ្សែប្រយុទ្ធជម្រើសជាតិឈីលី នឹងផុតកុងត្រាជាមួយ Arsenal ពេលចប់រដូវកាលនេះ ហើយចូលដល់ខែមករាខាងមុខរូបគេនឹងក្លាយជាកីឡាករគ្មានតម្លៃខ្លួន បើចាកចេញហើយមិនបន្តកុងត្រាបន្ថែម ជាមួយក្រុមលោក Arsene Wenger។
ខណៈដែល Manchester City កំពុងនាំមុខគេក្នុងការទាក់ទាញ Sanchez ទៅលេងនៅកីឡដ្ឋាន Etihad Stadium មានក្លឹប Hebei លេងនៅលីកកំពូលចិនមួយ បានដាក់សំណើទិញយក Alexis ដោយហ៊ានឲ្យតម្លៃ៤០០០០០ផោនក្នុងមួយសប្ដាហ៍ ។ នេះបើតាមការចុះផ្សាយពីកាសែត The Sun។
បែបណាក្ដី! មន្រ្តីជាន់ខ្ពស់របស់ក្លឹបលេងនៅ Chinese Super League បាននិយាយក្នុង Southern Metropolis Dailyថា៖” ពួកយើងមិនដែលបានដេញថ្លៃ ឬក៏ដាក់សំណើទិញយក Sanchez នោះទេ។រឿងក្នុងកាសែត The Sun គឺជាព័ត៌មានមិនពិត”។
ចំណែកកាលពីម្សិលមិញមានការសែតអង់គ្លេសខ្លះ បានចុះថា Alexis Sanchez បានបដិសេធក្លឹបនៅចិន ហើយរង់ចាំសំណើពីអតីតគ្រូបង្វឹករបស់ខ្លួនកាលនៅ Barcelonaលោក Pep Guardiolaដើម្បីទៅលេងនៅ Manchester City៕