ក្លិបនៅលីគកំពូលចិន Tianjin TEDA បានតែងតាំងអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូង លោក Uli Stielike ជាអ្នកចាត់ការទូទៅ។

បុរសសញ្ជាតិអាល្លឺម៉ង់ វ័យ៦២ឆ្នាំ ត្រូវបានបណ្តេញចេញពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិ កូរ៉េខាងត្បូង កាលពីចុងខែមិថុនា ក្រោយចាញ់ កាតា ២ទល់៣ និងទទួលបានលទ្ធផលមិនល្អនៅក្នុងវគ្គជម្រុះតំបន់អាសុី FIFA World Cup 2018។

Tianjin TEDA បច្ចុប្បន្នកំពុងត្រូវបានដឹកនាំដោយអ្នកចាត់ការទូទៅបណ្តោះអាសន្នលោក Chi Rongliang ដែលបានជំនួសគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង Lee Lim-saeng កាលពីខែ សីហា។

Stielike គឺជាគ្រូបង្វឹកដែលប្រជាប្រិយភាពជាងគេក្នុងការមកដឹកនាំក្លិបមួយនេះបន្ទាប់ពីបរាជ័យក្នុងការចរចារនាំយកលោក Thomas Tuchel, Walter Mazzarri និង Bruno Labbadia មកចូលរួមជាមួយ។

Tianjin TEDA ស្ថិតនៅជាប់ក្រុមបាតតារាងនៅលីគកំពូលចិន ជាមួយ១៦ពិន្ទុ និង២២ប្រកួត ខណៈនៅតែប្រឈមនៅក្នុងតំបន់កាត់ចោល៕