នៅល្ងាចថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៧ នេះ ការប្រកួតពានរង្វាន់ក្លិបលំដាប់ទី២ប្រចាំទ្វីបអាស៊ី AFC Cup 2017 សម្រាប់ជើងទី១ ដើម្បីរកក្រុមខ្លាំងប្រចាំតំបន់អាស៊ាននឹងប្រកួតល្ងាចនេះ រវាងក្លិបមកពីសិង្ហបុរី Home United ជាមួយ ក្លិបមកពីហ្វីលីពីន Ceres Negros។

ការប្រកួតរវាងក្រុមទាំង ២ នឹងធ្វើឡើងនៅវេលាម៉ោង ៧:៣០ នាទីល្ងាច ម៉ោងនៅសិង្ហបុរី នាកីឡដ្ឋាន Jalan Besar Stadium។

រំលឹកទៅលទ្ធផលរវាងក្រុមទាំង២ មុននឹងបានឡើងមកជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ប្រចាំតំបន់អាស៊ាននេះទាំង២ក្រុមសុទ្ធតែបានយកឈ្នះគូប្រកួតរបស់ខ្លួននៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយ Home United បានយកឈ្នះ Global របស់ហ្វីលីពីន ដោយលទ្ធផល ៥ទល់៤ សរុបទាំង២ជើង ស្របពេលដែល Ceres Negros បានយកឈ្នះ Johor Darul Ta’zim ដោយលទ្ធផលសរុបទាំង២ជើង ៤ទល់៤ (ឈ្នះលើគ្រាប់បាល់សុទ្ធក្រៅដី)។

ចប់ការប្រកួតនេះ ក្រុមទាំង២នឹងត្រូវជួបគ្នាម្ដងទៀតនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ សម្រាប់ការប្រកួតក្នុងជើងទី២។

ចប់ការប្រកួតទាំង២ជើង ក្រុមណាឈ្នះនឹងមានឱកាសឡើងទៅវគ្គបន្ត ដោយត្រូវជួបក្រុម FC Istiklol របស់តាជីគីស្ថាន នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់៕

 

រូបភាព: The-AFC