អ្នក​ចាំទី​សញ្ជាតិ​ឥណ្ឌូណេស៊ី មួយរូបមានឈ្មោះថា Choirul Huda ដែលកីឡាករនៃក្រុម Persela Lamongan សមាជិកក្លិបនៅលីគកំពូលឥណ្ឌូនេស៊ី បាន​ស្លាប់ក្រោយការ​ប៉ះ​ទង្គិច​ជាមួយមិត្ត​រួមក្រុម និង​​កីឡាករម្នាក់​ទៀត​​នៃ​ក្រុម Semen Padang ក្នុង​ការ​ប្រកួត​លីគ​កំពូល​ឥណ្ឌូណេស៊ី​ ថ្ងៃ​អាទិត្យ​ម្សិលមិញ​។

ការប៉ះទង្កិចបានកើត​ឡើង​នៅមុខ​ទី​របស់​ខ្លួន គ្រាដែល Choirul Huda ព្យាយាមទប់​ស្កាត់​បាល់ ចំ​ពេល​ដែល​​​ខ្សែ​ប្រយុទ្ធ Marcel Sacramento របស់​ក្រុម Padang និង​មិត្ត​រួម​ក្រុម​របស់​ខ្លួន គឺ​ខ្សែ​ការពារ Ramon Rodrigues កំពុងប្រជែងបាល់ពីគ្នា ដែលធ្វើ​អោយ Huda រង​របួស​ក្បាល​ធ្ងន់ធ្ងរ។

ភ្លាមៗក្រោយកើតហេតុ Huda ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ប៉ុន្តែ​ក្រោយ​ចប់​ការប្រកួត រូប​គេ​ត្រូវ​បាន​ក្លិប​​ប្រកាស​ថា​បានស្លាប់​ នៅ​វេលាម៉ោង​ ៥​និង១៥នាទី ល្ងាច​ថ្ងៃដដែល​។

ទស្សនាវីដេអូនៃការប៉ះទង្គិចគ្នា៖

 

គួរបញ្ជាក់ថា Choirul Huda បច្ចុប្បន្នមានវ័យ៣៨ឆ្នាំ និងបានចាប់ផ្ដើមចាប់អាជីពជាកីឡាករបាល់ទាត់តាំងពីឆ្នាំ ១៩៩៩ ជាមួយក្លិបតែ១គត់ គឺក្លិប Persela Lamonganម នេះផ្ទាល់តែម្ដង ខណៈរយៈពេល១៨ឆ្នាំ Choirul Huda បានបង្ហាញខ្លួនបាន ៥០៣ ប្រកួតក្នុងនាមជាអ្នកចាំទី។

Choirul Huda ក៏ត្រូវអ្នកគាំទ្រសញ្ជាតិឥណ្ឌូនេស៊ី ចាត់ទុកជាវីរៈបុរសបាល់ទាត់នៅក្នុងស្រុកផងដែរ បើទោះបីជាកីឡាកររូបនេះមិនដែលជាប់ជម្រើសជាតិក៏ដោយ៕

 

រូបភាព: bolasport

វីដេអូ: TVone