កីឡាការិនីម្ចាស់មេដាយមាស លើប្រភេទកីឡាចោលដុំដែក ក្នុងព្រឹត្តិការណ៍កីឡា SEA Games របស់ឥណ្ឌូនេស៊ី Eki Febri Ekawati បានទម្លាយរឿងអ្នកគ្រប់គ្រងកីឡានៃប្រទេសឥណ្ឌូនេស៊ី នៅលើបណ្ដាញទំនាក់ទំនងសង្គម ចំពោះការពន្យាពេលមិនសងប្រាក់ថ្លៃដែលខ្លួនបង្ខំចិត្តចំណាយក្នុងការរៀបចំ ហ្វឹកហាត់ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡា SEA Games 2017 នេះ។

Eki បានឈ្នះមេដាយមាស ក្រោយចោលដុំដែកបានចំងាយ ១៥.៣៩ ម៉ែត្រ លើកីឡាករលេខ២ ថៃ ដែលចោលបានត្រឹមតែ ១៥.៣៣ ម៉ែត្រ ដែលនេះជាមេដាយមាសលើកដំបូងក្នុងរយៈពេល១០ឆ្នាំហើយដែលកីឡាការិនីរូបនេះ បានចំណាយពេលហ្វឹកហាត់ជាមួយកីឡាប្រភេទនេះ។

ទោះបីជានាងទទួលជ័យជម្នះនេះក៏ដោយ Eki បានបង្ហោះនៅលើប្រព័ន្ធទំនាក់ទំនងសង្គម Instagram ថារដ្ឋាភិបាលបានពន្យារពេលបង់ប្រាក់សម្រាប់តម្រូវការបច្ចេកទេសរបស់នាងតាំងពីខែមករា។ នាងបានបន្តអះអាងថាឥណ្ឌូនេស៊ីទទួលបានទទួលលទ្ធផលអាក្រក់បំផុតរបស់ខ្លួនក្នុងប្រវត្តិសាស្ត្រលើព្រឹត្តិការណ៍កីឡានេះ ដោយសារតែបែបនេះ។

ឥណ្ឌូនេស៊ី បានឈ្នះមេដាយមាសតែ៣៨គ្រឿងប៉ុណ្ណោះ ក្នុងការប្រកួតនៅឆ្នាំនេះដែលជាចំនួនតិចបំផុតក្នុងរយៈពេល៤ទសវត្សរ៍មកនេះ។

«ខ្ញុំជាម្ចាស់មេដាយមាស តែកន្លែងស្នាក់នៅរបស់ខ្ញុំ រួមមានសណ្ឋាគា រអាហារ និងរបស់ជាច្រើនទៀតមិនត្រូវបានផ្ដល់ជូន តាំងពីខែមករា រហូតដល់ ខែសីហា។ ការប្រកួតស៊ីហ្គេមឆ្នាំ២០១៧ បានបញ្ចប់ហើយ។ តើយើងអាចធ្វើអោយវាកាន់តែប្រសើរឡើងយ៉ាងដូចម្តេច? ការគ្រប់គ្រងកីឡារបស់ប្រទេសឥណ្ឌូនេស៊ីពិតជាមានភាពស្មុគស្មាញណាស់»។ នាងបានសរសេរនៅលើគណនី Instagram របស់នាង @ekifebrie។

យ៉ាងណាមិញ រដ្ឋមន្ត្រីកីឡាឥណ្ឌូនេស៊ី លោក Imam Nahrawi បានធ្វើសន្និសីទកាសែតមួយនៅការិយាល័យរបស់លោក នៅក្នុងទីក្រុងហ្សាកាតា កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីសុំទោសចំពោះការធ្វើមិនបានល្អរបស់ក្រុម ក្នុងពេលជាមួយគ្នាដែលលោកបានសម្តែងនូវការកោតសរសើរដល់អត្តពលិកផងដែរ។

«ខ្ញុំសុំទោសចំពោះប្រជាជនឥណ្ឌូនេស៊ី ទាំងអស់ដែលយើងមិនអាចសម្រេចគោលដៅក្នុងកីឡា SEA Games បាន។ ខ្ញុំពិតជាមានភារកិច្ចទទួលខុសត្រូវច្រើនបំផុត ហើយនឹងរាយការណ៍រឿងនេះដល់ប្រធានាធិបតី Joko Widodo»។ សម្ដីរបស់ លោក Imam ថ្លែងនៅលើគេហទំព័រផ្លូវការរបស់ក្រសួងយុវជននិងកីឡា។

ជុំវិញករណីរបស់កីឡាការិនី Eki លោកក៏បានលើកឡើងផងដែរថា៖ «នៅពេលប្រើប្រាស់ថវិការដ្ឋ គឺត្រូវមានច្បាប់ និងបទបញ្ជាដែលយើងគួរតែគោរពតាម វាជារឿងធម្មតានៅក្នុងកីឡាឥណ្ឌូនេស៊ីសម្រាប់ការចំណាយរបស់រដ្ឋដែលត្រូវបានពន្យាពេលដោយសារតែរដ្ឋបាល។ ខ្ញុំមានផែនការដ៏ល្អមួយ នៅថ្ងៃអនាគតអត្តពលិកនឹងទទួលបានចំណែកមួយនៃការផ្តល់មូលនិធិរបស់ពួកគេពីក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋ និងមូលនិធិដទៃទៀត ដើម្បីការពារការពន្យារពេលដែលពាក់ព័ន្ធនឹងថវិកាពីថវិការដ្ឋ»។

លោក Imam បន្ថែមថា លោកជឿយ៉ាងមុតមាំថាការបោះជុំរំហ្វឹកហាត់នៅនៅក្រៅប្រទេសគឺជាមធ្យោបាយដ៏ប្រសើរបំផុតដើម្បីលើកកម្ពស់ការអនុវត្តរបស់អត្តពលិកឥណ្ឌូនេស៊ី ខណៈប្រទេសមួយនេះនឹងត្រូវទទួលធ្វើជាម្ចាស់ផ្ទះកីឡាប្រចាំទ្វីបអាស៊ី ASIAN Games 2018 នៅឆ្នាំក្រោយនេះ៕

 

 

រូបភាព: jakartaglobe