គណៈកម្មាធិការរៀបចំកីឡាអាស៊ីឥណ្ឌូណេស៊ី ឬ Inasgoc បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនដែលគ្រប់គ្រងចំនួន៦ដើម្បីឧបត្ថម្ភការប្រកួតនៅឆ្នាំក្រោយ។

Inasgoc នឹងទទួលបានថវិកាសរុប ៥០០ ពានលានរ៉ូព្យា ( ៣៦.៨ លានដុល្លារ ) រវាងក្រុមហ៊ុនដែលរួមមាន ក្រុមហ៊ុនទូរគមនាគមន៍ Telkom, ក្រុមហ៊ុនទូរស័ព្ទ Telkomsel, ក្រុមហ៊ុនប្រេងឥន្ទនៈ និងឧស្ម័ន Pertamina, ធនាគារ Bank Rakyat, ធនាគារ Negara Indonesia និង ធានាគារ Bank Mandiri ។

អនុប្រធានធិបតី លោក Jusuf Kalla ដែលជាប្រធានគណៈកម្មាធិការដឹកនាំរបស់ Inasgoc បានឃ្លាំមើលការបញ្ចប់កិច្ចព្រមព្រៀងនៅឯការិយាល័យរបស់លោកនៅក្នុងទីក្រុងហ្សាកាតានៅថ្ងៃពុធទី២៥ ខែតុលា។

លោក Kalla បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍ដ៏មហិមាដូច្នេះប្រសិនបើមានអត្តពលិកឥណ្ឌូណេស៊ីឈ្នះមេដាយមាស នោះគាត់នឹងត្រូវគេមើលឃើញជាមួយនឹងស្លាកសញ្ញាក្រុមហ៊ុនឥណ្ឌូណេស៊ីនៅខាងក្រោយមិនមែនម៉ាកបរទេសនោះទេ»។

លោក Erick Thohir ប្រធាន Inasgoc បាននិយាយថា៖ «យើងមានការសប្បាយចិត្តជាមួយនឹងការប្តេជ្ញាចិត្តជាមួយក្រុមហ៊ុនទាំង៦នេះ។ ការឧបត្ថម្ភគឺជាវិធីមួយក្នុងចំណោមវិធីបួនដែលយើងបង្កើតប្រាក់ចំណូលក្រៅពីការទទួលបានប្រាក់ចំណេញពីការលក់សំបុត្រ ការទិញសិទ្ធផ្សព្វផ្សាយ និងការធ្វើពាណិជ្ជកម្ម»។

«ឥឡូវនេះយើងប្រាកដថាព្រឹត្តិការណ៍នេះនឹងទទួលបានជោគជ័យ»។ លោកបន្ត។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី ឆ្នាំ២០១៨ ( Asian Games 2018 )  គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា រហូតដល់ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៨ ជាមួយនឹងកីឡាចំនួន៤២ប្រភេទ លើវិញ្ញាសារ៤៨៤វិញ្ញាសារកីឡា ដោយមានប្រទេសមកជុំវិញទ្វីបអាស៊ីចូលរួមប្រកួត។

ព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី គឺជាព្រឹត្តិការណ៍កីឡាដែលធំជាងគេប្រចាំទ្វីប មានការប្រកួតចម្រុះគ្រប់ប្រភេទកីឡាសំខាន់ៗ ដែលធ្វើឡើងនៅរៀងរាល់៤ឆ្នាំម្ដង ដោយបានចាប់ផ្ដើមតាំងពីឆ្នាំ១៩៥១មក៕

 

រូបភាព: jakartaglobe