គ្រូបង្វឹកជម្រើសរើសជាតិបាល់ទាត់ ៤ប្រទេស បានបង្ហាញចំណាប់អារម្មណ៍រៀងៗ ខ្លួន នៅក្នុងសន្និសីទសារពត៌មានមួយ កាលពីព្រឹកមិញនេះ ជុំវិញការប្រកួតពានរង្វាន់ AFC U19 Championship 2018 ដែលត្រូវចាប់ផ្តើមការប្រកួតនៅ ថ្ងៃទី២៤ ដល់ថ្ងៃទី២៨ តុលា នៅកីឡដ្ឋានជាតិ ខណៈជំនួបបើកឆាកប្រកួតក្នុងពូល G វគ្គជម្រុះ មុនគេ គឺ ក្រុមម្ចាស់ផ្ទះយុវជនកម្ពុជានឹងត្រូវជួបជាមួយក្រុមយុវជនចិន នាល្ងាចថ្ងៃអង្គារ៍ស្អែកនេះ។

លោក Kazunori Inoue គ្រូបង្វឹកជនជាតិជប៉ុន ដែលដឹកនាំក្រុមU19កម្ពុជាបាននិយាយថា ក្រុមយុវជនចិនជាក្រុមមានបច្ចេកទេសខ្លាំង ហើយការសម្បទារបស់ពួគគេមានមាឌខ្ពស់ៗ ដូច្នេះអ្វីដែលលោករៀបចំការប្រកួតស្អែកនេះ គឺលោកនឹងប្រើវិធីការពារច្រើនមិនឲ្យមានការទាត់បញ្ជូលទីពីក្រុមចិន ជាជាងបើកការប្រយទ្ធខ្លាំង។ ចំណែកឯគ្រូបង្វឹករបស់ចិនបាននិយាយដែរថា ក្រុមឈុតយុវជនអាយុក្រោម១៩ឆ្នាំរបស់ខ្លួន សុទ្ធតែជាកីឡាករដែលកំពុងលេងនៅក្របខ័ណ្ឌលីគកំពូលរបស់ចិន ហើយលោករំពឹងថា ក្រុមរបស់លោកនឹងអាចឡើងទៅប្រកួតនៅវគ្គបន្តទៀត។ ចំពោះគ្រូបង្គោលក្រុមជម្រើសជាតិយុវជនរបស់មីយ៉ាន់ម៉ា និងហ្វីលីពីនបានបញ្ជាក់ដូចៗគ្នា ខ្លួននឹង ប្រឹងប្រែងឲ្យអស់ពីសមត្ថភាពគ្រប់ការប្រកួតទាំងអស់ ដើម្បីស្វែងរកលទ្ធផលដ៏ល្អមួយ ឡើងទៅកាន់វគ្គបន្តដូចគ្នា។

សម្រាប់វគ្គជម្រុះក្នុងពូល G នេះ រួមមាន៖ ម្ចាស់ផ្ទះ កម្ពុជា, ចិន, មីយ៉ាន់ម៉ា និងហ្វីលីពីន ខណៈវគ្គជម្រុះនេះ មាន១០ពូល ស្មើនឹង៤៣ក្រុម ដោយពូល A ពូលB និងពូលF មាន៥ក្រុមស្មើៗគ្នា ហើយក្រៅពីនេះ មាន៤ក្រុមដូចៗគ្នា។ នៅក្នុងយុទ្ធនាការនេះ ក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំកម្ពុជា ត្រូវជួបគ្នាវិលជុំក្នុងពូល ដើម្បីរកក្រុមមានពិន្ទុខ្ពស់ជាងគេ និងក្រុមដណ្ដើមបានលេខ២ ល្អជាងគេ ឡើងទៅជុំផ្ដាច់ព្រ័ត្រ ដែលប្រទេសឥណ្ឌូនេស៊ីទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០១៨ខាងមុខ៕