អតីតក្រុមម្ចាស់ដំណែងឯកជើងឯក ពីរសម័យកាលជាប់ៗគ្នា កាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៥, ក្រុមក្រសួង សុខាភិបាលរកបាន៣ពិន្ទុដោយងាយពីក្រុមទីស្តីការគណៈរដ្ឋមន្ត្រី បន្ទាប់ពីធ្វើសម្រេចនៅក្នុងលទ្ធផល ៤ទល់០ កាលពីយប់មិញ នៅទីលាន Premium Sport Club នៃការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល E ព្រឹត្តិការណ៍កីឡាបាល់ទាត់ មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន រដូវកាលថ្មី ២០១៧។
៤គ្រាប់របស់ក្រុមក្រសួងសុខាភិបាលធ្វើសម្រេចបាន២គ្រាប់ដោយកីឡាករ ឈុត វណ្ណដា នៅនាទី២២ និងនៅនាទី ៣២ និង២គ្រាប់ទៀតធ្វើសម្រេចដោយកីឡាករ ឡុច ដាឌីម៉ូ នៅនាទី៤៥ និងនាទី៤៦។ ៤ក្រុម នៅក្នុងពូល E នេះលេងបាន១ប្រកួតដូចៗគ្នា ដោយក្រសួងពត៌មានបានយកឈ្នះក្រសួងផែនការ ដោយលទ្ធផល ៩ទល់១ ដូច្នេះក្រសួងពត៌មានឈរនៅចំណាត់ថ្នាក់លេខ១ បណ្តោះអាសន្ន និងក្រសួងសុខាភិបាលឈរនៅលេខ២បណ្តោះអាសន្ន ខណៈក្រុមទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងផែនការ មិនទាន់មានពិន្ទុនៅឡើយទេ ដោយចាញ់១ប្រកួតដូចៗគ្នា។
លោក ម៉ី គួច តំណាងក្រសួងសុខាភិបាលបានឲ្យដឹងថា បើទោះបីជាក្រុមរបស់លោកធ្លាប់ជាម្ចាស់ជើងឯក ២ឆ្នាំជាប់ៗគ្នាក៏ដោយ ប៉ុន្តែនៅរដូវកាលថ្មី ២០១៧នេះ លោកសង្គេតឃើញថា កម្រិតបច្ចេកទេសរបស់កីឡាករនៃបណ្តាក្រសួងស្ថាប័ននានា ដែលចូលរួមមានការកើនឡើងគួរឲ្យកត់សម្គាល់។ ជាមួយគ្នានោះក្រុមសុខាភិបាលក៏បានខិតខំដូចគ្នាផងដែរ ដើម្បីធ្វើឲ្យមានភាពខ្លាំងក្លាយកឈ្នះឲ្យបានច្រើនប្រកួតធ្វើយ៉ាងណាឲ្យឡើងទៅកាន់វគ្គបន្តទៀត ជាពិសេសគឺគោលដៅលើកពានរង្វាន់នៅរដូវកាលថ្មីនេះម្តងទៀត។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់អន្តរក្រសួងស្ថាប័ន រដូវកាលថ្មី ២០១៧នេះ មានក្រុមចូលរួមចំនួន៣០ ដោយចែកចេញជា៧ពូល និងប្រកួតនៅវគ្គផ្តាច់ព្រ័ត្រគ្រោងនឹងធ្វើឡើង នាថ្ងៃទី១៦ ធ្នូ ខាងមុខ៕