តំណាងក្លឹបកីឡាសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បានប្រកាសឲ្យដឹងនៅក្នុងសន្និសីទសារពត៌មានមួយ កាលពីព្រឹកមិញ នៅទីស្នាក់ការរបស់ខ្លួនថា ខ្លួននឹងត្រូវបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួនលើ៣ប្រភេទកីឡាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជ្រើសរើសជើងឯកឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសទូទាំងប្រទេស សម្រាប់ឆ្នាំ២០១៧ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៧ តុលា ស្អែកនេះ ដល់ទី២៥ ខែតុលា ខាងមុខនេះ ដែលរៀបចំដោយឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។

 

លោក ស៊ាង សុវណ្ណ អគ្គលេខាធិការសមាគមកីឡា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានប្រសាសន៍ថា ក្លឹបអាស៊ីអឺរ៉ុបគ្រោងបញ្ជូនកីឡាករកីឡាការិនីចំនួន៣ប្រភេទកីឡា ស្មើ៥ក្រុម ចំនួន ៤០នាក់ ក្នុងនោះមានអត្តពលកម្ម បុរស-នារី ១២នាក់, បាល់បោះបុរស-នារី ២៤នាក់ និងប៉េតង់ បុរសមួយក្រុម ៤នាក់ និងប្រតិភូ គ្រូបង្វឹក៨នាក់។ បើយើងប្រៀបធៀបទៅនឹងព្រឹត្តិការណ៍ដូចគ្នា កាលពីឆ្នាំមុន គឺមានចំនួនតិចជាងបន្តិច​​​​​​​​​​​​គឺឆ្នាំ២០១៦ យើងបញ្ជូនកីឡាករ៤៨នាក់ ៣ប្រភេទកីឡា អត្តពលកម្ម បាល់បោះបុរសនារី និងបាល់ទះនារី តែដោយសារឆ្នាំនេះយើងបានបញ្ជូនទៅដែរតែត្រូវគណៈកម្មការរៀបចំការប្រកួតលុបចោល២ប្រភេទកីឡា ដោយសារអត់គ្រប់ចំនួនក្រុម។

លោក ពៅ ហុក គ្រូបង្វឹកក្លឹបកីឡាអាស៊ីអឺរ៉ុប គូសបញ្ជាក់ដែរថា ការប្រកួតកីឡាឧត្តមសិក្សាទូទាំងប្រទេសនេះ សាកលវិទ្យាល័យអាស៊ី អឺរ៉ុបចូលរួមជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១១មកម្លេះ ហើយយើងទទួលបានចំណាត់មេដាយមាសច្រើនជាងគេ ៣ឆ្នាំជាប់ៗគ្នាមកហើយ ចាប់តាំងពីឆ្នាំ២០១៤មកម្លេះ។ លទ្ធផលទាំងនេះគឺបានមកពីការយកចិត្តទុកពីសំណាក់ឯកឧត្តម ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ដែលតែងតែឧបត្ថម្ភលើកទឹកចិត្ត និងផ្តល់អារូបករណ៍ដល់និស្សិតជាកីឡាករបានរៀនសូត្រ និងសម្រួលការហ្វឹកហាត់បានក្លាយជាកីឡាករជម្រើសជាតិជាច្រើនរូបផងដែរ៕