សហព័ន្ធទោចក្រយានកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលខ្លួនដល់គ្រូបង្វឹករបស់ខ្លួន ដោយទទួលបានការឧបត្ថម្ភគាំទ្រពីសហព័ន្ធកីឡាទោចក្រយានអន្ដរជាតិ, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ខណៈ ទទួលបានការធ្វើបង្ហាញពីអ្នកជំនាញកីឡាជិះកង់មកពីសិង្ហបុរីលោក Ramlan Latiff ដោយបានបិទបញ្ចប់កាលពីចុងសប្តាហ៍កន្លងទៅថ្មីនេះ ដោយគ្រូឧទ្ទេសរូបនេះរំពឹងថាវគ្គនេះនឹងជួយអភិវឌ្ឍវិស័យកីឡាជាតិរបស់ខ្លួនកាន់តែប្រសើរឡើងបន្ថែមទៀត។
លោក Ramlan Latiff បន្ថែមថា ឆ្លងតាមលទ្ធផលនៃវគ្គបណ្តុះបណ្តាលរយៈពេលជិះ១សប្តាហ៍នេះលោកជឿជាក់ថា វាជាលទ្ធផលដ៏ល្អប្រសើរមួយ ដែលសិក្ខាកាមទាំងអស់អាចយកទៅចែករំលែកដល់កីឡាករ-កីឡាការិនីទោចក្រយានកម្ពុជា ដើម្បីជំរុញលើអភិវឌ្ឍវិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
មានប្រសាសន៍ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនេះ លោក នុត សាអាន ប្រធានសហព័ន្ធកីឡាទោចក្រ យានកម្ពុជាបានថ្លែងការកោតសរសើរជូនដល់គ្រូឧទ្ទេសប្រចាំវគ្គសញ្ជាតិសឹង្ហបុរី ដែលបានផ្ទេរនូវចំណេះដឹងថ្មីៗដល់សិក្ខាកាមកម្ពុជា ដើម្បីយកទៅអនុវត្ត និងអភិវឌ្ឍវិស័យកីឡាជិះកង់នៅកម្ពុជា ហើយលោកប្រធានសង្ឃឹមថា លោក Ramlan Latiff នឹងត្រឡប់មកជួយសហព័ន្ធកីឡាទោចក្រយានកម្ពុជា នាពេលក្រោយៗទៀតផងដែរ។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាមចូលរួមចំនួន២៥នាក់ មកពីក្លឹប-សមាគមចំនួន៧ ហើយជាលទ្ធផល មានសិក្ខាកាម ៣នាក់ទទួលបាននិទ្ទេសល្អ ខណៈ១៧នាក់ទទួលបាននិទ្ទេសល្អបង្គួរ និង៥នាក់ផ្សេងទៀត ទទួលបាននិទ្ទេសមធ្យម៕