កីឡាករវ័យក្មេង ជនជាតិឥណ្ឌូនេស៊ីដ៏មានទេពកោសល្យម្នាក់ទៀតឈ្មោះថា Witan Sulaiman អាចមានឱកាសដូច កីឡាករ Egy Maulana Vikri ដើម្បីបន្តអាជីពបាល់ទាត់អាជីពនៅអឺរ៉ុប។

លោក Raden Isnanta រដ្ឋមន្ត្រីស្ដីទី ក្រសួងយុវជន និងកីឡា ឥណ្ឌូណេស៊ី បានបង្ហើបឱ្យដឹងថាភ្នាក់ងារបាល់ទាត់ដែលលោកបានជួបកាលពីថ្ងៃចន្ទដើម្បីជំរុញ Egy ទៅអឺរ៉ុបក៏ចាប់អារម្មណ៍នឹងសក្តានុពលរបស់ កីឡាករ Witan ដែរ។

កីឡាករ Witan បានបង្ហាញពីទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍អំឡុងពេលប្រកួតក្នុងព្រឹត្តិការណ៍ AFF U-18 Youth Championship នៅប្រទេសមីយ៉ាន់ម៉ា នៅខែនេះដែលកីឡាករខ្សែបម្រើប្រយុទ្ធវ័យ ១៥ ឆ្នាំ រូបនេះស៊ុតបញ្ចូលទីបាន ៣ គ្រាប់។

«យើងនឹងព្យាយាមជួយពួកគេឱ្យលេងក្នុងក្រុមដូចគ្នានៅអឺរ៉ុប។ ពួកគេគឺជាមិត្តហើយវាអាចជួយពួកគេឱ្យសម្របខ្លួនបានកាន់តែងាយស្រួល»។ លោក Raden Isnanta បន្ថែម។

Isnanta ក៏បានបញ្ជាក់ថាកីឡាករវ័យក្មេងទាំងពីរនាក់នេះអាចចូលរួមក្រុមអេស្ប៉ាញជាមួយក្លិប Espanyol ដែលត្រូវបានគេចាត់ទុកថាជាគោលដៅដ៏មានសក្តានុពលបំផុត។

«Espanyol គឺជាជម្រើសមួយប៉ុន្តែក៏មានក្រុមមួយទៀតដែរ។ អ្វីដែលសំខាន់បំផុតនោះគឺត្រូវស្វែងរកក្រុមដែលយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍន៍របស់ពួកគេ យើងមិនចង់ពិចារណាពីកេរ្ដិ៍ឈ្មោះរបស់ក្រុមនោះទេ»។

គួរបញ្ជាក់ថា យុវជននៃក្រុមជម្រើសជាតិឥណ្ឌូនេស៊ី វ័យ១៧ឆ្នាំ កីឡាករ Egy Maulana Vikri ក៏ត្រូវបានពត៌មានចចាមអារាមមួយបានលើកឡើងថា  មានក្លិបនៅអ៊ឺរ៉ុបចំនួន៣ចង់បានយករូបគេទៅរួមជាមួយក្លិបរៀងៗខ្លួនដោយមិនចាំបាច់ធ្វើតេស្តសមត្ថភាព៕

 

ចុចអាន: ល្បីថា យុវជនឥណ្ឌូនេស៊ី មួយរូបនេះ មានក្លិបនៅអ៊ឺរ៉ុប៣ចង់បានយកទៅរួមក្លិបដោយមិនចាំបាច់ធ្វើតេស្ត

 

រូបភាព: indosport & Bola