ព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកទូទាំងប្រទេស ប្រចាំឆ្នាំ២០១៧នេះ គ្រោងនឹងធ្វើឡើងនៅខេត្តកំពង់ចាម ចាប់ផ្តើមពីថ្ងៃទី២៦ ខែកញ្ញា រហូតដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ រៀបចំ ដោយក្រសួងអប់រំយុវជន និងកីឡា ទទួលបានការឧបត្ថម្ភផ្តាច់មុខពីក្រុមហ៊ុនភេសជ្ជៈ Sponsor។ នេះបើតាមការបញ្ជាក់ឲ្យនៅក្នុងសន្និសីទសារពត៌មានមួយ កាលពីពេលថ្មីៗនេះ នៅពហុកីឡដ្ឋានជាតិ។


ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាបានមានប្រសាសន៍ថា សម្រាប់ការប្រកួតឆ្នាំនេះ ក្រសួងអប់រំ បាន កែទម្រង់ជាច្រើនដូចជា កីឡាករ-កីឡាការិនី ចូលរួមទាំងអស់ត្រូវបានស្នាក់ នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ថែមទាំងមានការហូបចុក នៅភោជនីយដ្ឋាន ដែលមានអនាម័យ ត្រូវត្រឹម ក្រោមការយកចិត្តទុកដាក់ពីក្រសួងអប់រំទៀតផង។
លោក ស៊ិន ផល្លា តំណាងក្រុមហ៊ុន ហេរ៉ូឃីង ដែលនាំចូល និងចែកចាយភេសជ្ជៈ Sponsor គូសបញ្ជាក់ដែរថា លោកពិតជារីករាយ ដែលក្រុមហ៊ុនបានចូលរួមជួយលើកកម្ពស់កីឡាថ្នាក់ជាតិទូទាំងប្រទេស ឆ្នាំនេះ ដោយលោកជឿជាក់ថា វិស័យកីឡានៅកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត ជាក់ជាមិនខាន។ លោកបានបន្ថែមថា ភេសជ្ជៈ Sponsor មានកិត្តិយសយ៉ាងខ្លាំង ដែលបានចូលរួមជួយកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកទូទាំងប្រទេសឆ្នាំនេះ ដោយកីឡានាំមកនូវភាពវៃឆ្លាត និងសុខភាពល្អ។ ដោយយោងតាមយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល ការរៀបចំព្រឹត្តិការណ៍កីឡាសិស្សមធ្យសិក្សានេះជាចំណែកមួយ ដើម្បីអភិឌ្ឍនវិស័យកីឡាក្នុងប្រទេស ក្នុងដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា SEA GAMES លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកទូទាំងប្រទេស ឆ្នាំនេះ មាន២៩ប្រភេទវិញ្ញាសា ដែលមានកីឡាករ កីឡាការិនី ក្នុងក្របខ័ណ្ឌសិស្សមធ្យមសិក្សា ប្រមាណ២៥០០នាក់ មកពីខេត្ត និងរាជធានីចំនួន២៥ ដែលជាការចំណាយទាំងស្រុងរបស់ក្រសួងអប់រំ យុវជន និងកីឡា៕