ក្លឹបលីកកំពូលម៉ាឡេស៊ី Selangor FA បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ពួកគេបានចុះកុងត្រាយកអតីតខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញធក្លឹប Atletico Madrid កីឡាករ Rufino Segovia ដើម្បីមកជំនួសខ្សែប្រយុទ្ធប្រេស៊ីល Juliano Mineiro សម្រាប់ជើងទី២ក្នុងរដូវកាលនេះ។
Rufino Segovia បានមកចូលរួមជាមួយក្លឹបជើងខ្លាំងម៉ាឡេស៊ីមួយនេះ ដោយចាកចេញពីក្លឹប Kitchee SC របស់ហុងកុង បន្ទាប់ពីកីឡាករវ័យ៣២ឆ្នាំរូបនេះបង្ហាញថ្វីជើងពេញចិត្តលោក P. Maniam ដែលជាគ្រូបង្វឹក និងថ្នាក់ដឹកនាំក្លឹបអំឡុងពេលហ្វឹកហាត់សាកល្បង។
អ្នកចាត់ការក្លឹប Selangor FA លោក Abd Rauf Ahmad បង្ហាញការពេញចិត្តអតីតខ្សែប្រយុទ្ធរូបនេះយ៉ាងខ្លាំង ហើយអបអរសាទរ បំផុតក្នុងការចុះកុងត្រាជាមួយ Rufino Segovia ប៉ុន្តែ គាត់ក៏បានអរគុណដល់ Juliano Mineiro ដែលត្រូវបានដកចេញដោយសាររបួស។
ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ ធ្លាប់លេងបាល់ទាត់អាជីពក្នុងប្រទេសរបស់គាត់ជាច្រើនក្លឹបរួចមកហើយ ដោយមានដូចជា៖ Rayo Vallecano, Atletico B និង Atletico Madrid មុនពេលចេញទៅលេងនៅក្រៅប្រទេស ហើយលេងក្នុងក្លឹបជាច្រើនក្រុមទៀត។ គាត់មានភាពស្និតស្នាលជាមួយបាល់ទាត់អាស៊ី ដោយសារធ្លាប់លេងជាមួយក្លឹបហុងកុង Kitchee SC។
Rufino Segovia នឹងមកបំពេញជាកូតាកីឡាករបរទេសឲ្យ Selangor ខណៈកីឡាករបរទេសដទៃទៀតមានដូចជា៖ Francis Forkey Doe, Ugo Ukah និង Andik Vermansyah ដែលបានបំពេញតួនាទីបានល្អក្រោមការដឹកនាំរបស់ P. Maniam ៕
ប្រភព៖ fourthofficial