រដ្ឋមន្រ្តីកីឡាឥណ្ឌូនេស៊ី លោក Imam Nahrawi បានបង្ហាញការខកចិត្តជាខ្លាំងជុំវិញអត្តពលិកខ្លួន ធ្លាក់ចុះមេដាយមាសក្នុងកីឡា SEA Games 2017 ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ហើយនឹងត្រួតពិនិត្យដោយផ្ទាល់នូវវិធីសាស្រ្តហ្វឹកហាត់ក្នុងការប្រកួត មុនព្រឹត្តិការណ៍កីឡាអាស៊ី Asian Games ឆ្នាំក្រោយ។
ឥណ្ឌូនេស៊ី បានបញ្ចប់ការប្រកួតនៅក្នុងកីឡា SEA Games 2017 ដោយស្ថិតនៅចំណាត់ថ្នាក់លេ៥ ដោយរកមេដាយមាសបានតែ៣៨មេដាយមាស ប្រាក់៦៣ និងសំរឹទ្ធ៩០ ខណៈចំនាត់ថ្នាក់នេះក៏ឥណ្ឌូនេស៊ី ទើបតែទទួលបានដូចគ្នាកាលពីឆ្នាំ២០១៥ SEA Games លើកទី២៨ នៅប្រទេសសិង្ហបុរី។
អាចនិយាយបានថានេះជាការប្រកួតកម្ដៅសាច់ដុំមួយសម្រាប់ឥណ្ឌូនេស៊ី ក្នុងគ្រាដែលខ្លួនត្រូវត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតព្រឹត្តិការណ៍កីឡា ប្រចាំទ្វីបអាស៊ី ASIAN Games 2018 នៅឆ្នាំក្រោយនេះ នឹងត្រូវប្រជែងជាមួយប្រទេសខ្លាំងៗជាច្រើនមកពីជុំវិញទ្វីបអាស៊ី។
រដ្ឋមន្រ្តីដដែលរូបនេះបានបន្ថែមថា៖ «ខ្ញុំនឹងបង្កើនការសម្របសម្រួលគ្នាជាមួយអ្នកពាក់ព័ន្ធសំខាន់ៗ រួមទាំងថ្នាក់ដឹកនាំសហព័ន្ ធដើម្បីឈានដល់គោលដៅរបស់យើងនៅក្នុងកីឡាអាស៊ីឆ្នាំ២០១៨»។
គួរបញ្ជាក់ថា ការប្រកួតកីឡា SEA Games 2017 បានបញ្ចប់ការប្រកួតជាផ្លូវការហើយ កាលពីម្សិលមិញ ដោយម៉ាឡេស៊ី ស្ថិតនៅលើគេក្នុងនាមជាក្រុមម្ចាស់ផ្ទះ តាមពីក្រោយដោយថៃ ឈរនៅលេខ២ ខណៈវៀតណាម ឈរនៅលេខ៣ និងសិង្ហបុរី ឈរលេខ៤៕
រូបភាព: jakartaglobe