សំបុត្រចូលទស្សនាការប្រកួតរវាង U-22 ថៃ ជាមួយ U-22 ម៉ាឡេស៊ី នៅវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡា SEA Games 2017 ដែលធ្វើឡើងនៅយប់ស្អែកនេះ ត្រូវបានឈ្មួញកណ្ដាល ( ជនខិលខូច ) យកទៅលក់លើសតម្លៃដើមរហូតដល់១០ដង នេះបើយោងតាមការចេញផ្សាយនៅលើវិបសាយ thestar។

យោងតាមវិបសាយលក់សំបុត្រនៅលើបណ្ដាញអ៊ីនធឺណិត បានបង្ហាញថា សំបុត្រដែលមានតម្លៃត្រឹមតែ ២០,០០ រ៊ីងហ្គីតម៉ាឡេ ( ប្រហែលជាង ៤ ដូល្លារ ) បានឡើងទៅដល់តម្លៃខ្ពស់បំផុត ២០០,០០ រ៊ីងហ្គីតម៉ាឡេ ( ប្រហែលជាង ៤៦ ដូល្លារ ) ហើយសំបុត្រទាំងនេះថែមទាំងត្រូវបានលក់អស់ទៀតផង។

ជាមួយគ្នានេះផងដែរ ក៏មានឈ្មួញកណ្ដាលខ្លះលក់ជាមួយ នឹងតម្លៃ ១០០,០០ រ៊ីងហ្គីតម៉ាឡេ ( ប្រហែលជាង ២៣ ដូល្លារ ) ជាថ្នូលដែលរូបគេព្យាយាមអង្គុយរង់ចាំទិញសំបុត្រ រហូតដល់ខកខានទស្សនាការប្រកួតដ៏សំខាន់រវាង Liverpool ជាមួយ Arsenal។ សម្ដីរបស់ លោក Rizki ដែលបានទាក់ទង់តាមរយៈ thestar។

សេចក្ដីរាយការណ៍ដដែលបានអោយដឹងថា មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅកីឡដ្ឋាន Shah Alam ចាប់តាំងពីយប់ថ្ងៃអាទិត្យដើម្បីរង់ចាំសម្រាប់ការទិញសំបុត្របន្ទាប់ពី ម៉ាឡេស៊ី បានផ្តួល ឥណ្ឌូនេស៊ី នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

សំបុត្រត្រូវបាកដក់លក់ម៉ោង ១១ ព្រឹកថ្ងៃច័ន្ទនេះ ខណៈក្នុងម្នាក់អាចទិញបានតែ៥សំបុត្រប៉ុណ្ណោះ។

គួរបញ្ជាក់ថា U-22 ថៃ នឹងត្រូវតតាំងជាមួយ U-22 ម៉ាឡេស៊ី នៅវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡា SEA Games 2017 ដែលធ្វើឡើងនៅវេលាម៉ោង ៧:៤៥ នាទីយប់ នាកីឡដ្ឋាន Shah Alam Stadium៕

 

រូបភាព: thestar