សហព័ន្ធកីឡាតេក្វាន់ដូ ITF បានរៀបចំព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៧ ដែលចាប់ផ្តើមពី ថ្ងៃស្អែកតទៅរហូតដល់ថ្ងៃទី១១ មិថុនា ខាងមុខ នៅពហុកីឡដ្ឋានជាតិ ដោយមានកីឡាករ កីឡាការិនីចូលរួម សរុបចំនួន៣២០នាក់ មកពីក្លឹប ទូទាំងប្រទេសចំនួន១៧។
លោក ប៉ាល់ ជីវ័ន្ត មន្ត្រីសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានឲ្យដឹងថា នៅថ្ងៃនេះគឺជាពេលដែលកីឡាករ កីឡាការិនីមកជួបជុំគ្នា នៅពហុកីឡដ្ឋានជាតិ ដើម្បីថ្លឹង ទម្ងន់ សម្រាប់ការប្រកួតលើវិញ្ញាសាប្រយុទ្ធ។ លោកបញ្ជាក់ថា ឆ្នាំនេះមានកីឡាករ កីឡាការិនីចូលរួមបានថយ ចុះចំនួន១០ ប៉ុន្តែនៅឆ្នាំមុន លោកមើលឃើញថា កម្រិតបច្ចេកទេសរបស់កីឡាករ កីឡាការិនីមានការកើនឡើង ហើយនៅឆ្នាំ២០១៧នេះលោកជឿថា បច្ចេកទេសក៏នឹងមានការកើនឡើងដូចគ្នា ដោយសារថ្នាក់ដឹកនាំសហព័ន្ធ ក៏ដូចជាតាមបណ្តាក្លឹបនានាទូទាំង ប្រទេសកំពុងខិតខំដូចគ្នាលើការបណ្តុះបណ្តាលលើធនធានថ្នាលយុវជនទាំងបរិមាណ និងគុណភាព។
សូមបញ្ជាក់ថា សម្រាប់វិញ្ញាដែលដាក់ឲ្យប្រកួតមានចំនួន២៤វិញ្ញាសា ដោយចែកចេញជា២ប្រភេទធំៗ គឺវិញ្ញាសាប្រយុទ្ធ ក្នុងនោះមានប្រយុទ្ធចាប់ពី៤៥គីឡូក្រាមឡើងដល់ ៨០គីឡូក្រាម បុរស-នារី សរុប១៧វិញ្ញា សា និងវិញ្ញាសាសម្តែងមេគុន រូមមាន៖ បច្ចេកទេសពិសេសឯកត្តជន, សម្តែងបច្ចេកទេសជាក្រុម, សម្តែងការ ពារខ្លួន ១ទល់៣ និងសម្តែងជាក្រុមជាដើម៕