អត្តពលិករបស់ម៉ាឡេស៊ីបានដាក់ចេញនូវគោលបំណងមួយដែលមានឈ្មោះថា – មួយ, មួយ, មួយ ដែលជាគោលដៅឈ្នះមេដាយមាសចំនួន ១១១ ក្រឿង និងឈរនៅលើគេក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ SEA Games 2017 ក្នុងនាមខ្លួនជាក្រុម្ចាស់ផ្ទះ នៅក្នុងព្រឹត្តិការណ៍នេះ។

គោលដៅនេះ ត្រូវបានប្រកាសកាលពីម្សិលមិញនេះ ក្នុងឱកាសជួបជុំអត្តពលិកមុនព្រឹត្តិការណ៍មកដល់។

មេដាយមាសសរុបនៅក្នុងព្រឹត្តិការណ៍កីឡា SEA Games 2017 នេះ គឺមានចំនួន៤០៥ មេដាយមាស នៃប្រភេទកីឡាសរុបចំនួន៣៨ប្រភេទ។

តួរលេខ ១១១ មេដាយមាសនេះ គឺជាចំនួនដែលដូចទៅនឹងចំនួនមេដាយមាសដែលម៉ាឡេស៊ី ធ្លាប់បាន់ឈ្នះកាលពីកីឡាស៊ីហ្គេម SEA Games ឆ្នាំ២០០១ ដែលខ្លួនធ្វើជាម្ចាស់ផ្ទះដូចគ្នា ជាលើកដំបូងសម្រាប់ម៉ាឡេស៊ីក្នុងការឈរកំពូលតារាងចាប់តាំងពីព្រឹត្តិការណ៍នេះបង្កើតឡើងនៅឆ្នាំ១៩៥៩មក។

គួរបញ្ជាក់ថា ប្រភេទកីឡាដែលម៉ាឡេស៊ី មានសក្ដានុពលនៅក្នុងការដណ្ដើមយកមេដាយមាសរួមមាន កីឡាអត្តពលិកម្ម, កីឡាក្នុងទឹក, កីឡាបោះបាល់ ( bowling ), កាយសម្ព័ន្ធ, ការ៉ាតតេ, កីឡាចោលបាល់, ទូកក្ដោង, កីឡាក្បាច់គុណបុរាណម៉ាឡេ-ឥណ្ដូ ( Silat ), ជិះស្គីលើទឹក និង វាយកូនបាល់លើជញ្ជាំង។

គួរបញ្ជាក់ថា នាមជាម្ចាស់ផ្ទះ ម៉ាឡេស៊ី បានត្រៀមអត្តពលិកចំនួន ៨៧៤ នាក់ចូលរួមប្រកួតលើគ្រប់ប្រភេទកីឡាទាំង៣៨ប្រភេទ ដែលចាប់ផ្ដើមពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ៕

 

រូបភាព: thestar