ដើម្បីអបអរសាទរជ័យជម្នះដ៏ធំធេង អត្តពលិកវ៉ូវីណាម ឈ្នះមេដាយចំនួន ២២គ្រឿង ពីការប្រកួតជ្រើសរើសជើងឯកពិភពលោក នៅប្រទេសឥណ្ឌានោះ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំម៉ូតូសចំនួន ១២គ្រឿងអមក្បួនដង្ហែរដល់ប្រតិភូកីឡា វ៉ូវីណាមកម្ពុជាយ៉ាងអធិកអធមចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកក្នុងរាជធានី តាមដងមហាវិថីសំខាន់ មួយចំនួន កាលពីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ បន្ទាប់ពីឈ្នះមេដាយមាស៤គ្រឿង ប្រាក់៩ សំរិទ្ធ៩គ្រឿង សរុប២២គ្រឿង ។
នៅក្នុងក្បួនដង្ហែរលើកទឹកចិត្តនោះ គឺមានថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងឯកឧត្តម រ័ត្ន សុខន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមពិភពលោកបានអញ្ជើញទៅទទួលស្វាគន៍យ៉ាងកក់ក្តៅជូនដល់អត្តពលិក ដែលបានខិតខំប្រកួតដណ្តើមមេដាយមកជូនជាតិ នាពេលនេះ។
ឯកឧត្តម រ័ត្ន សុខន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា មានប្រសាសន៍ថា នេះជាជោគជ័យដ៏ធំធេងសម្រាប់ជាតិមាតុភូមិរបស់ខ្លួន ដែលអត្តពលិកវ៉ូវីណាមបានខិតខំរហូតដល់ទទួលបានជ័យជម្នះបែបបនេះ ដោយកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៣ ខណៈចំណាត់ថ្នាក់លេខ១ បានទៅលើម្ចាស់គុនវៀតណាម មេដាយមាស១៧គ្រឿង, លេខ២ អាល់ហ្សេរី មេដាយមាស ១២គ្រឿង ហើយម្ចាស់ផ្ទះតណ្ឌាឈ្នះមេដាយមាស ត្រឹម២គ្រឿងប៉ុណ្ណោះ។ កាលពីឆ្នាំ២០១៥ កន្លងទៅ វ៉ូវីណាមកម្ពុជាធ្លាប់ឈ្នះមេដាយមាសតែ១គ្រឿងប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០១៧នេះ កម្ពុជាឈ្នះរហូតដល់៤គ្រៀង និងមេដាយប្រាក់ និង សំរិទ្ធ សរុបមាន១៨គ្រឿងផ្សេងទៀត។
សូមបញ្ជាក់ថា សម្រាប់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការឈ្នះមេដាយពីព្រឹត្តិការណ៍ជើងឯកពិភពលោកបែបនេះ គឺមេដាយមាស១គ្រឿង, ទទួលបាន ១២០លានរៀល, មេដាយប្រាក់១គ្រឿង ៨០លានរៀល និងសំរិទ្ធ១គ្រឿង ៦៤លានរៀល៕