កីឡាសីប៉ាក់តាក្រ និងឈិនឡូនកម្ពុជា ដែលជាប្រភេទកីឡាតែមួយគត់ ដែលបានឈ្នះមេដាយមាស ១វិញ្ញាសា ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម កាលពីឆ្នាំ២០១៥ នៅប្រទេសសឹង្ហបុរីនោះ កំពុងតែសង្ឃឹមខ្ពស់ពីការការពារម្ចាស់មេដាយមាសលើកីឡាឈិនឡូន និងកំពុងតែរំពឹងពីការបង្កើនមេដាយមាសផងដែរ សម្រាប់ស៊ីហ្គេម លើកទី ២៩ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧ ដែលនឹងត្រូវចូលមកដល់នាចុងខែសីហា ខាងមុខនេះ។
លោក ទូច សុភៈ អគ្គលេខាធិការ សហព័ន្ធកីឡាសីប៉ាក់តាក្រ និងឈិនឡូនកម្ពុជា បានឲ្យដឹងថា សម្រាប់ការហ្វឹកហាត់ត្រៀមស៊ីហ្គេម ឆ្នាំ២០១៧នេះ គឺមានកីឡាករជម្រើសជាតិលើប្រភេទកីឡាសីប៉ាក់តាក្រ និងឈិនឡូនកម្ពុជាចំនួន៨នាក់ ដែលកំពុងតែបង្កើនការហ្វឹកហាត់រយៈពេល២ខែនៅម្ចាស់ដើមកីឡាឈិនឡូន ប្រទេសមីយ៉ាន់ម៉ា។
លោកបញ្ជាក់ថា ម្ចាស់ផ្ទះម៉ាឡេស៊ី បានរៀបចំកីឡាសីប៉ាក់តាក្រ ឬសីដក់ និងឈិនឡូន សរុបចំនួន៩វិញ្ញាសា ដោយប្រភេទកីឡាឈិនឡូន មាន៨ប្រទេសចូលរួម អត់មាន៣ប្រទេស គឺវៀតណាម ឥណ្ឌូណេស៊ី និងទីម័រខាងកើត ខណៈសីប៉ាក់តាក្រ គឺចូលរួមទាំង ១១ប្រទេស។ សម្រាប់កម្ពុជាគឺបញ្ជូនតែកីឡាករទាំងអស់ មិនមានកីឡាការិនីទេ ដែលនឹងត្រូវប្រកួតលើវិញ្ញាសាចំនួន៥ ក្នុងចំណោម៩វិញ្ញាសា ដោយកីឡាករទាំង៨នាក់នោះ គឺជាកីឡាករជម្រើសជាតិជើងចាស់៧នាក់ ដែលធ្លាប់ឈ្នះមេដាយមាស កាលពីឆ្នាំ២០១៥ ចំណែកឯម្នាក់ទៀត គឺជាកីឡាករថ្មី ដែលសម្រាំងចេញពីថ្នាលយុវជន។
លោកបន្ថែមថា បើតាមការសួរបញ្ជាក់ពីគ្រូបង្គោលរបស់ខ្លួន លោក ជាតិ ខេមរា ពីកំពុងហ្វឹកហាត់នៅមីយ៉ាន់ម៉ានោះ គឺបានអះអាងថា ពេលនេះកម្រិតបច្ចេទេសរបស់ពួកគេកើនឡើងខ្ពស់ជាងរាល់ដង ដោយក្នុងការសាកល្បងអាចធ្វើដល់ជាង១០០ពិន្ទុ លើកាលពីពេលកន្លងទៅ ដែលមានពិន្ទុត្រឹម៨០ ទៅ៩០ពិន្ទុប៉ុណ្ណោះ។
សូមបញ្ជាក់ថា កម្ពុជាគ្រោងនឹងបញ្ជូន២៤ប្រភេទកីឡា ទៅស៊ីហ្គេម នៅម៉ាឡេស៊ី លើកនេះ ដោយមានអត្តពលិកសរុបចំនួន១៤៤ នាក់ ហើយសរុបទាំងប្រតិភូ អ្នកបច្ចេកទេសជាច្រើនផ្នែកទៀតនោះ គឺសរុបចំនួន ២៧៤នាក់៕