ប្រភេទកីឡាសក្តានុពល តេក្វាន់ដូកម្ពុជា កំពុងតែបង្កើនការបង្វឹកដល់កីឡាករ-កីឡាការិនីជម្រើសជាតិរបស់ខ្លួនចំនួន១០រូប សម្រាប់បេក្ខភាពស៊ីហ្គេម លើកទី២៩ នៅទីក្រុង គូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលនឹងចូលរួមមកដល់ នាខែសីហា ខាងមុខ ដោយមានកីឡាករចំនួន៥រូប និងកីឡាការិនី៥រូប។
លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិកម្ពុជាសញ្ជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា អត្តពលិកទាំង១០នាក់ ដែលត្រៀម ស៊ីហ្គេម លើកនេះ គឺកាន់តែបង្កើនការបង្វឹកដល់ពួកគេឲ្យកាន់តែខ្លាំងក្លា ខណៈព្រឹត្តិការណ៍អន្តរជាតិថ្នាក់តំបន់មួយនេះខិតជិតមកដល់។ ក្នុងចំណោមអត្តពលិកទាំងនេះ គឺកំពុងហ្វឹកហាត់នៅក្នុងស្រុកចំនួន៥នាក់ និង៤នាក់ គឺកីឡាករ២នាក់ និងកីឡាការិនី២នាក់កំពុងបន្តការហ្វឹកហាត់នៅកូរ៉េខាងត្បូង និងម្នាក់ទៀតកំពុងស្ថិតនៅសហរដ្ឋអាមេរិក ហើយនៅដើមខែសីហា ខាងមុខ ពួកគេនឹងវិលត្រឡប់មកកម្ពុជា ដើម្បីរួមដំណើរជាមួយអត្តពលិកក្នុងស្រុកចេញទៅស៊ីហ្គេមជុំគ្នា។ ក្នុងការត្រៀមខ្លួនស៊ីហ្គេមនេះដែរ តេក្វាន់ដូកម្ពុជាបានចូលរួមប្រកួតជើងឯក ពិភពលោក និងព្រឹត្តិការណ៍ កូរ៉េបើកទូលាយ នៅកូរ៉េខាងត្បូង កាលពីដើមខែនេះ ដើម្បីបង្កើនបច្ចេកទេ។ ជាមួយនឹងការហ្វឹកហាត់ត្រៀមយ៉ាងខ្លាំងក្លាបែបនេះលោកជឿជាក់ថា អត្តពលិកតេក្វាន់ដូរបស់កម្ពុជានឹងដណ្តើមបានមេដាយបានច្រើនពី ស៊ីហ្គេម លើកនេះជាក់ជាមិនខាន។
សូមបញ្ជាក់ថា ក្នុងចំណោម២៤ប្រភេទកីឡារបស់កម្ពុជា ដែលគ្រោងនឹងចូលរួមក្នុងស៊ីហ្គេម នៅម៉ាឡេស៊ី ឆ្នាំ២០១៧ នាខែក្រោយនេះ គឺមានអត្តពលិកសរុបចំនួន១៤៤នាក់ ក្រៅពីនេះនៅមានគ្រូបង្វឹក គ្រូជំនួយ មន្ត្រីរដ្ឋបាល ក្រុមស្រាវជ្រាវ និងផ្នែកផ្សេងៗទៀត មានចំនួនសរុបចំនួន ២៧៦នាក់៕