កីឡាករថ្នាលយុវជនលើប្រភេទកីឡាប៊ូល និងប៉េតង់កម្ពុជា ចំនួន ២០នាក់ ជាបេក្ខភាពត្រៀមស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះ កំពុងតែ ការហ្វឹកហាត់បង្កើនសមត្ថភាពយ៉ាងសកម្មនៅលើទីលាន ដោយនៅចុងឆ្នាំ២០១៧នេះ ត្រូវចូលរួមព្រឹត្តការណ៍ធំៗ ចំនួន៣ គឺព្រឹត្តិការណ៍កម្រិតអន្តរជាតិ ក្នុងតំបន់អាស៊ាន, ទ្វីបអាស៊ី និងជើងឯកពិភពលោក។

គ្រូបង្វឹកថ្នាលយុវជនជម្រើសជាតិប៊ូល និងប៉េតង់កម្ពុជា លោក អ៊ុក យ៉ារី ពី ថ្លែងប្រាប់ កាលពីម្សិលមិញ ក្នុងពេលហ្វឹកហាត់ថា សម្រាប់កម្មវិធីហ្វឹកហាត់របស់ថ្នាលយុវជននេះ មានរយៈពេញមួយឆ្នាំតែម្តង ពោលគឺចាប់ពីខែមករា រហូតដល់ដំណាច់ឆ្នាំ២០១៧ គឺដើម្បីបណ្តុះបណ្តាលថ្នាលយុវជនឲ្យមានសមត្ថភាពរឹងមាំ ក្នុងដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម នៅឆ្នាំ២០២៣ ។ សម្រាប់នៅឆ្នាំ២០១៧នេះ ថ្នាលយុវជនរបស់លោកនឹងបានបន្ថែមនូវកម្រិតបច្ចេកទេសបន្ថែមទៀត ដោយនឹងត្រូវទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍អន្តរជាតិចំនួន៣ផ្សេងៗពីគ្នា គឺទី១ព្រឹត្តិការណ៍ប៊ូល និងប៉េតង់យុវជនតំបន់អាស៊ីអាគ្នេយ៍ ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែតុលា និងព្រឹត្តិការណ៍យុវជនទ្វីបអាស៊ី ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ តុលា នៅប្រទេសឡាវ រីឯ ការប្រកួតជម្រើសជើងឯកយុវជនពិភពលោក ធ្វើនៅប្រទេសចិន នៅខែវិច្ឆិកាខាងមុខ។

គួរបញ្ជាក់ផងដែរថា កីអត្តពលិកកីឡា ប៊ូល និងប៉េតង់កម្ពុជា ផ្នែកយុវជនធ្លាប់បានចូលរួមក្នុងព្រឹត្តិការណ៍អាស៊ី អាគ្នេយ៍ និងទ្វីបអាស៊ី ចំនួន៤លើករួចមកហើយ និងធ្លាប់ដណ្តើមបានមេដាយមួយចំនួន ប៉ុន្តែកម្រិតជើងឯកពិភពលោក យុវជនប៊ូល និងប៉េតង់កម្ពុជាមិនទាន់បានឈ្នះមេដាយនៅឡើយទេ ដោយសារកម្ពុជាទើបនឹងធ្លាប់ចូលរួមលើកទី១ ពីឆ្នាំ២០១៦ កន្លងទៅ៕