ខ្សែបម្រើ Toni Kroos កំពុងតែពិចារណាចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្រោយពីក្រុមការពារជើងឯកបានធ្លាក់ចេញពីព្រឹត្តិការណ៍ FIFA World Cup 2018 ត្រឹមវគ្គចែកពូល។
កីឡាករវ័យ២៨ឆ្នាំ នៅតែសោកសៅក្រោយធ្លាក់ចេញពីព្រឹត្តិការណ៍ FIFA World Cup ហើយមិនតែប៉ុណ្ណោះការចាញ់ប្រកួតចុងក្រោយពេលប៉ះជាមួយកូរ៉េខាងត្បូងបានធ្វើឲ្យរូបគេកាន់តែពិចារណាអំពីអនាគតជាមួយជម្រើសជាតិម្តងហើយម្តងទៀត។
សមាជិករបស់ Real Madrid ត្រូវបានគេរាយការណ៍មកថា បានប្រាប់ទៅកាន់មិត្តភក្តិខ្លួនថា ខ្លួនអាចនឹងចូលនិវត្តន៍ពីជម្រើសជាតិ ដោយសារតែមិនអាចទ្រាំទ្រនឹងការរិះគន់ពីសំណាក់ជនរួមជាតិអំពីបរាជ័យរបស់ក្រុមនៅប្រទេសរុស្ស៊ី។
គួររំលឹកថា ក្រុមឥន្រ្ទីដែកអាល្លឺម៉ង់បានជ្រុះចេញពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៨ ត្រឹមវគ្គចែកពូលក្នុងនាមជាក្រុមការពារជើងឯក ដោយឋិតនៅបាតតារាងក្រោយពីប្រកួតឈ្នះ១ និង ចាញ់២លើក។