មនុស្សជាង៤៥៥,០០០នាក់បានស៊ីញេលើញត្តិតាមបណ្ដាញអ៊ីនធឺណិត អំពាវនាវឱ្យសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) និងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដាក់ទណ្ឌកម្មលើខ្សែការពារ Sergio Ramos ចំពោះការធ្វើឱ្យ Mohamed Salah របួសអំឡុងការប្រកួតផ្ដាច់ព្រ័ត្រ Champions League រវាង Real Madrid និង Liverpool ថ្ងៃសៅរ៍ទី២៦ខែឧសភាឆ្នាំ២០១៨។
អំឡុងការប្រកួតនោះ Salah បានរងរបួសស្មា និងត្រូវបានប្ដូរចេញក្នុងនាទី៣០ បន្ទាប់ពីជែងបាល់ជាមួយប្រធានក្រុម Sergio Ramos ដោយដៃប្រទាក់គ្នា ហើយដួលដោយមានរបួសស្មា។
ញត្តិដែលចូលរួមដោយប្រិយមិត្តបាល់ទាត់ទូទាំងពិភពលោក រួមទាំងអតីតកីឡាករជម្រើសជាតិអេហ្ស៊ីប Mido ផងនោះ ចោទថា Ramos មានចេតនាធ្វើឱ្យ Salah របួស និងថាទង្វើនោះជាគំរូអាក្រក់សម្រាប់កីឡាករបាល់ទាត់ជំនាន់ក្រោយ។
ក្រៅពីនេះថែមទាំងមានមេធាវីម្នាក់នៅអេហ្ស៊ីបបានដាក់ពាក្យបណ្ដឹងទៅ FIFA ទារសំណងពីប្រធានក្រុម Real Madrid ១ពាន់លានដុល្លារពីបទបង្កដោយចេតនានូវ “ការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត” ដល់ Salah និងប្រជាជនអេហ្ស៊ីបទាំងមូលផងដែរ។