កីឡាករគុនដាវកម្ពុជាបានចេញទៅចូលរួមប្រកួតជ្រើសរើសជើងឯក ទ្វីបអាស៊ី នៅទីក្រុងហុងកុង ប្រទេសចិត អស់រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ មកទល់ថ្ងៃទី២០ នេះ មិនបានទទួលលទ្ធផលល្អឡើយ ប៉ុន្តែតាមរយៈការប្រកួតនេះ បានផ្តល់បទពិសោធន៍បន្ថែមទៀតដល់កីឡាគុនដាវកម្ពុជា ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី នាខែសីហា ខាងមុខ។
អគ្គលេខាធិការនៃសហព័ន្ធកីឡាគុនដាវ កម្ពុជា លោកសុខ អាង បានឱ្យដឹងថា៖ តាមរយៈការប្រកួតមួយនេះ ពិតជានឹងផ្តល់បទពិសោធន៍មួយដ៏ល្អសម្រាប់ដល់កីឡាករ ឃីម សាមាន ដែលត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (Sea Game) នាពាក់កណ្តាលខែសីហាខាងមុខ នៅប្រទេសម៉ាឡេស៊ី ។ បើទោះបី កាប្រកួតនេះ មិនអាចទទួលលទ្ធផលល្អ តែនេះជាបទពិសោធន៍ថ្មីមួយដ៍ល្អ ដល់កីឡាករទទួលយកនូវបច្ចេកទេស ល្អៗ ពីកីឡាករបរទេសដែលមានមក្រិតខ្ពស់លើវិញ្ញាសាគុនដាវនេះផងដែរ។
លោកបានបន្ដទៀតថា នៅសល់រយៈពេលពីរខែទៀត បន្ទាប់ពីការព្រឹត្តិការណ៍នេះ ដូច្នេះវាជាការធ្វើតេស្ដិ៍កម្រិតខ្ពស់មួយ ក្នុងចំណោមតេស្ដិ៍ទាំងបីដែលគណកម្មការបច្ចេកទេសបានកំណត់ ។
សូមបញ្ជាក់ផងដែរថា ការប្រកួតកម្រិតទ្វីបអាស៊ីនេះ គឺជាកម្រិតខ្លាំងមួយ ក្នុងចំណោមការប្រកួតផ្លូវការរបស់សហព័ន្ធកីឡាគុនដាវអាស៊ី របស់សហព័ន្ធកីឡាគុនដាវអន្ដរជាតិ ដែលមានសមាជិកចំនួន៣៨ប្រទេសចូលរួម ដែលពោរពេញទៅដោយកីឡាករ កីឡាការិនី ដែលមានកម្រិតសិទ្ធិផល ឬគុណផល(Performance) កម្រិតអូឡាំពិក ក្នុងនោះមាន ចិន ជប៉ុន ហុងកុង ហ្គាហ្សាស្ថាន កូរ៉េខាងត្បូង និង ក្រុមខ្លាំងក្នុងតំបន់ មាន សិង្ហបុរី វៀតណាម ថៃ ម៉ាឡាស៊ី ចូលរួមផងដែរ ។
ចំពោះការទៅចូលរួមក្នុងការប្រកួតព្រឹត្តិការណ៍ដ៍ធំនេះ គឺបានទទួលការអនុញ្ញាតជាគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា និងក្រោមជំនួយឧបត្ថម្ភរបស់សហព័ន្ធកីឡាគុនដាវអន្ដរជាតិ។