ចាន់ វឌ្ឍនាកា ត្រូវបានគេហៅថា Lionel Messi របស់កម្ពុជា ទោះបីជាសាមីខ្លួនកីឡាករផ្ទាល់បានប្រកាសថា ជាអ្នកគាំទ្រRonaldo ប៉ុន្តែពេលនេះ រូបគេបានទៅចូលរួមជាមួយក្លឹប Pahang FAក្នុងតម្លៃប្រាក់ឈ្នួលប្រចាំខែ១៥០០០ដុល្លារ(៥៩០០០រីងហ្គីតម៉ាឡេស៊ី) ដោយចាកចេញពីបឹងកេតអង្គរ។
អ្នកគាំទ្រម៉ាឡេស៊ី បានចងចាំឥតភ្លេចនូវសមត្ថភាពរបស់កីឡាករម្នាក់នេះ ក្នុងការប្រកួតដែលកម្ពុជាចាញ់ម៉ាឡេស៊ី២ទល់៣ក្នុងពានរង្វាន់ AFF Suzuki Cup ២០១៦។ រូបគេសុខចិត្តជ្រើសរើសក្លឹបនៅលីកកំពូលម៉ាឡេស៊ី ដោយបោះបង់សំណើក្លឹបនៅថៃ និងក្លឹបមួយនៅលីកកំពូលព័រទុយហ្គាល់។
ម្ចាស់ស្បែកជើងមាសលីក C-League រដូវកាល២០១៥ និង ២០១៦រូបនេះ បានប្ដូរទៅលេងនៅជប៉ុនគឺក្លឹប Fujieda MYFC ប៉ុន្តែរូបគេមិនទទួលបានជោគជ័យនោះទេ ដោយលេងបានត្រឹមតែ ៥នាទីប៉ុណ្ណោះ។ ទោះបីជាយ៉ាងនេះក្ដី!លោក Dollah Saleh គ្រូបង្វឹក Pahang FA រីករាយជានិច្ចក្នុងសាងយក វឌ្ឍនាកា ពីក្លឹបជប៉ុនឲ្យមកលេងក្រុមរបស់លោកដោយអំណរ។
លោកបាននិយាយក្នុងកាសែតក្នុងស្រុកម៉ាឡេស៊ី សរសេរជាភាសាអង់គ្លេសមួយថា៖ យើងយល់ ដែលឆ្នាំ២០១៧ ជាឆ្នាំមួយដ៏ពិបាកសម្រាប់គាត់។ គាត់ជាអ្នកប្រយុទ្ធម្នាក់ ហើយខ្ញុំជឿជាក់ថាគាត់នឹងមានភាពរឹងមាំឡើងវិញ និងឈានទៅរកទម្រង់លេងដ៏កំពូលរបស់។ គាត់នឹងក្លាយជាទ្រព្យសម្បត្តិរបស់ក្លឹប (Pahang FA)”។
គ្រូបង្វឹកដែលកំពុងដេញថ្លៃកីឡាករបរទេស២រូបបន្ថែមទៀតហើយបានមកដឹកនាំ Pahang មុនបើករដូវកាលថ្មីនេះ បានបន្តថា៖“ ខ្ញុំសូមដាស់តឿនអ្នកគាំទ្រម៉ាឡេស៊ី កុំមើលងាយកីឡាករបាល់ទាត់កម្ពុជាឲ្យសោះ។ ពួកគេមានទេពកោសល្យ ហើយខ្ញុំជឿជាក់ថា វឌ្ឍនាកា នឹងបង្កើតការចាប់អារម្មណ៍”៕