ក្រុមកីឡាករប៉េតង់ឡាវ បានបញ្ចប់ក្តីសង្ឃឹមឈានទៅរកមេដាយមាសរបស់កម្ពុជា នៅត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីបានយកឈ្នះក្នុងពិន្ទុ ១៣ ទល់នឹង ១០ កាលពីព្រឹកថ្ងៃទី២៦ ខែសីហានេះ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី។

ដោយឡែកបើទោះជាក្រុមកីឡាករប៉េតង់កម្ពុជា ចាញ់កីឡាករឡាវនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះក្តី ក៏កម្ពុជាទទួលបានមេដាយសំរឹទ្ធ ១គ្រឿងដែរ។ សម្រាប់់ប្រភេទកីឡាប៉េតង់កម្ពុជាគិតមកត្រឹមពេលនេះ ដណ្តើមបានមេដាយចំនួន ៤គ្រឿងហើយ ក្នុងនោះមាន មេដាយមាស ១គ្រឿង និងមេដាយសំរឹទ្ធ ៣គ្រឿង ប៉ុន្តែបេសកកម្មរបស់កីឡាប៉េតង់កម្ពុជានៅមិនទាន់ចប់គ្រប់វិញ្ញាសាប្រកួតនោះទេ គឺនៅសល់វិញ្ញាសា វាយចំរុះ បរុស នារី ដែលនឹងធ្វើការប្រកួតនៅថ្ងៃស្អែក ទី២៦ សីហា នេះបន្តទៀត។ ចំពោះការឡាវដែលឈ្នះក្រុមកម្ពុជា នឹងបន្តទៅប្រកួតដណ្តើមមេដាយមាសជាមួយក្រុមកីឡករថៃ នៅវគ្គផ្តាច់ព្រ័ត្រ។

សូមបញ្ជាក់ថា កីឡាប៉េតង់កម្ពុជាដណ្តើមបានមេដាយចំនួន ៤គ្រឿងហើយ នៅស៊ីហ្គេម ប្រម៉ាឡេស៊ី គឺលើវិញ្ញាសាវាយគូនារី ឈ្នះមេដាយមាស, វិញ្ញាសាវាយឯកត្តជនបរុស ឈ្នះមេដាយសំរឹទ្ធ, វិញ្ញាសាវាយឯកត្តជននារី ឈ្នះមេដាយសំរឹទ្ធ និងវិញ្ញាសា វាយ ៣ទល់៣ បរុស ឈ្នះមេដាយសំរឹទ្ធផងដែរ៕