សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានទាមទារអោយ សហព័ន្ធបាល់ទាត់អុីរ៉ង់ ពន្យល់អោយបានសុីជម្រៅលើការដាក់ពិន័យកីឡាករជម្រើសជាតិ២រូប បន្ទាប់ពីបានលេងនៅក្លិបរបស់ក្រិច តទល់ជាមួយក្លិបរបស់អុីស្រាអែល ក្នុងវគ្គជម្រុះ UEFA Europa League.
ប្រធានក្រុមជម្រើសជាតិអុីរ៉ង់ កីឡាករ Masoud Shojaei វ័យ៣៣ឆ្នាំ និង ខ្សែបម្រើ Ehsan Haji Safi វ័យ២៧ឆ្នាំ ត្រូវបានពិន័យពុំអោយលេងជាមួយក្រុមជម្រើសជាតិ គ្រាដែលពួកគេទាំង២នាក់លេងនៅក្លិប Panionios របស់ក្រិច ប៉ះជាមួយ Maccabi Tel Aviv របស់អុីស្រាអែល កាលពីសប្តាហ៍មុន។
ខណៈព័ត៍មាននេះត្រូវបានរដ្ឋាភិបាលអុីរ៉ង់ បដិសេធថាមិនមែនជាមួយពិតប្រាកដ ស្របពេលអ្នកនាំពាក្យ FIFA បានលើកឡើងយ៉ាងដូច្នេះ៖ « សហព័ន្ធនីមួយៗត្រូវតែគ្រប់គ្រងភាពឯករាជ្យ និងពុំមានការលូកដៃដោយគៀបសង្កត់ពីជនទី៣នោះឡើយ »
« យើងកំពុងអោយសើុបអង្កេតអំពីបញ្ហានេះ និងបានស្នើសុំអោយ អុីរ៉ង់ បន្ថែមព័ត៎មានមកពូកយើង » សម្តីរបស់អ្នកនាំពាក្យ FIFA ផ្ញើតាមសារអេឡិចត្រូនិចមកសារព័ត៌មាន Reuters « យើងពុំមានយោបល់បន្ថែមទៀតឡើយលើបញ្ហាមួយនេះ »។
ស្របពេលសារព័ត៌មាន Iron Front Page បានចុះផ្សាយថា សហព័ន្ធបាល់ទាត់អុីរ៉ង់ ឆ្លើយតបទៅកាន់ FIFA កាលពីថ្ងៃ សៅរ៍ កន្លងទៅ បានបដិសេធទាំងស្រុងអំពីការពិន័យលើប្រធានក្រុមជម្រើសជាតិអុីរ៉ង់ កីឡាករ Masoud Shojaei និង Ehsan Haji Safi ពីក្រុមជម្រើសជាតិ។
ស្របពេល លោក Mohammad Reza Davarzani អនុរដ្ឋមន្ត្រីនៃក្រសួងកីឡាអុីរ៉ង់ បានប្រកាសថាកីឡាករ Masoud Shojaei និង Ehsan Haji Safi ត្រូវបានព្យួរពីក្រុមជម្រើសជាតិ។
បញ្ជាក់ថា រដ្ឋាភិបាលអុីរ៉ង់ ប្រឆាំងដាច់ខាតរាល់អត្តពលិករូបណាលេងតទល់ជាមួយ ក្រុម រឺ កីឡាករ អុីស្រាអែល ដែលនេះជាច្បាប់របស់ពួកគេ។ អុីរ៉ង់ មិនដែលចាត់ទុក អុីស្រាអែល ជាប្រទេសមួយក្នុងពិភពលោកនោះទេ និងបានហាមមិនអោយកីឡាកររបស់ខ្លូនលេងជាមួយក្រុមរបស់ អុីស្រាអែល លើប្រភេទកីឡាទាំងអស់។
Shojaei លេងបាន៧០ប្រកួតជាមួយជម្រើសជាតិ និងជួយអោយ អុីរ៉ង់ មានកៅអីលេងវគ្គចែកពូល 2018 FIFA World Cup នៅរូស្សុី។ ចំណែក Haji Safi លេងបាន៨៤ប្រកួតដោយអង្គុយនៅកៅអីបម្រុងពេលក្រុមឈ្នះ អ៊ុយប៊េគីស្ថាន កាលពីខែ មិថុនា និងរំពឹងថាអាចជួយក្រុមពេលលេងនៅ រូស្សុី ឆ្នាំក្រោយ។
Shojaei ក៏ធ្លាប់បានកាត់ឈ្មោះចេញពីក្រុមជម្រើសជាតិ គ្រាដែលកីឡាកររូបនេះស្នើសុំអោយនាយករដ្ឋមន្ត្រីអុីរ៉ង់ លោក Hassan Rouhani អនុញ្ញាតអោយស្ត្រី អាចចូលរួមការទស្សនាការប្រកួតនៅក្នុងកីឡដ្ឋាន។
បញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៧៩មក ស្ត្រីត្រូវបានហាមឃាត់ពុំអោយចូលកីឡាដ្ឋានដោយសារតែគិតថាបរិវេណ រឺបរិយាកាស មិនសមរម្យដល់ស្ត្រីទាំងអស់៕