ប្រធានក្រុមជម្រើសជាតិអុីរ៉ង់ កីឡាករ Masoud Shojaei វ័យ៣៣ឆ្នាំ និង ខ្សែបម្រើ Ehsan Haji Safi វ័យ២៧ឆ្នាំ ត្រូវបានពិន័យពុំអោយលេងជាមួយក្រុមជម្រើសជាតិ គ្រាដែលពួកគេទាំង២នាក់លេងនៅក្លិប Panionios របស់ក្រិច ប៉ះជាមួយ Maccabi Tel Aviv របស់អុីស្រាអែល កាលពីសប្តាហ៍មុន។
ពោលគឺ នៅពេលកីឡាករទាំង២រូបនេះបានលេងអោយក្លិបរបស់ខ្លួនក្នុងវគ្គជម្រុះជើងទី១នៃពានរង្វាន់ Europa League ដោយចាញ់ក្រុមរបស់ អុីស្រាអែល Maccabi Tel Aviv ១ទល់០ ក្នុងដីកាលពីថ្ងៃទី៣ កន្លងទៅ ដែលនេះជាការរំលោភច្បាប់នយោបាយរបស់រដ្ឋាភិបាល។
អុីរ៉ង់ មិនដែលចាត់ទុក អុីស្រាអែល ជាប្រទេសមួយក្នុងពិភពលោកនោទេ និងបានហាមមិនអោយកីឡាកររបស់ខ្លូនលេងជាមួយក្រុមរបស់ អុីស្រាអែល លើប្រភេទកីឡាទាំងអស់។
« ប្រាកដណាស់ Masoud Shojaei និង Ehsan Haji មិនត្រូវបានកោះហៅចូលក្រុមជម្រើសជាតិដោយសារពួកគេបានរំលោភច្បាប់ហាមឃាត់ » នេះបើយោងតាមការលើកឡើងរបស់លោក Mohammad Reza Davarzani អនុរដ្ឋមន្ត្រីនៃក្រសួងកីឡាអុីរ៉ង់ ប្រាប់ The New York Times។
« ពួកគេបានលេងនៅទីនោះដោយទទួលបានប្រាក់ពលកម្ម ប៉ុន្តែលេងអោយក្លិបរបស់ប្រទេសដែលមានរបបគួរអោយស្អប់ខ្ពើម គឺមិនអាចទទួលយកបាននោះទេសម្រាប់ប្រជាជនអុីរ៉ង »។
Shojaei លេងបាន៧០ប្រកួតជាមួយជម្រើសជាតិ និងជួយអោយ អុីរ៉ង់ មានកៅអីលេងវគ្គចែកពូល 2018 FIFA World Cup នៅរូស្សុី។ ចំណែក Haji Safi លេងបាន៨៤ប្រកួតដោយអង្គុយនៅកៅអីបម្រុងពេលក្រុមឈ្នះ អ៊ុយប៊េគីស្ថាន កាលពីខែ មិថុនា និងរំពឹងថាអាចជួយក្រុមពេលលេងនៅ រូស្សុី ឆ្នាំក្រោយ។
Shojaei ក៏ធ្លាប់បានកាត់ឈ្មោះចេញពីក្រុមជម្រើសជាតិ គ្រាដែលកីឡាកររូបនេះស្នើសុំអោយនាយករដ្ឋមន្ត្រីអុីរ៉ង់ លោក Hassan Rouhani អនុញ្ញាតអោយស្ត្រី អាចចូលរួមការទស្សនាការប្រកួតនៅក្នុងកីឡដ្ឋាន។
បញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៧៩មក ស្ត្រីត្រូវបានហាមឃាត់ពុំអោយចូលកីឡាដ្ឋានដោយសារតែគិតថាបរិវេណ រឺបរិយាកាស មិនសមរម្យដល់ស្ត្រីទាំងអស់៕