Carlos Tevez បានត្រលប់មកចូលរួមហ្វឹកហាត់ជាមួយក្លិប Shanghai Shenhua លីគកំពូលចិនជាធម្មតាវិញក្រោយត្រូវបានអនុញ្ញាតអោយទៅព្យាបាលរបួសនៅស្រុកកំណើតនាប្រទេសអាហ្សង់ទីន។

Tevez វ័យ៣៣ឆ្នាំ ទើបចុះកិច្ចសន្យាជាមួយ Shanghai ពី Boca Juniors កាលពីខែ ធ្នូ កន្លងទៅបានស្នើសុំក្លិបដើម្បីត្រលប់ស្រុកកំណើតត្រូវព្យាបាលរបួសកំភូនជើង ដែលរាំរ៉ៃ ខណៈក៏មានបញ្ហាមួយចំនួនចង់ចាកចេញពីក្លិបផងដែរ។

Shanghai Shenhua សម្រេចអោយ Tevez ទៅប៉ុន្តែដាច់ខាតត្រូវត្រលប់មកចិនវិញអោយបានមុនថ្ងៃទី ៣០ សីហា។

Tevez បានចុះកិច្ចសន្យា២ឆ្នាំ ដោយទាត់បញ្ចូលទីបានត្រឹម២គ្រាប់ ក្នុងការប្រកួត១១លើក។

គាត់គឺជាកីឡាករមានតម្លៃឈ្នួលពលកម្មថ្លៃជាងគេលើលោកដោយមួយសប្តាហ៍រកបានចំនួន ៦៣៤,៦១៥លានផោន។

« Tevez បានត្រលប់មកសៀងហៃ កាលពីម្សិលមិញ(ថ្ងៃព្រហស្បត្តិ៍) នឹងបានចាប់ផ្តើមការហ្វឹកហាត់ »។ នេះបើយោងតាមសម្តីរបស់អ្នកនាំពាក្យរបស់ក្លិបប្រាប់ AFP។

« របួសបានជាសះស្បើយ និងត្រលប់ចូលរួមការប្រកួតវិញជាធម្មតា »។

រំលឹកថា អំឡុងរដូវកាល២០១០-២០១១ Tevez បានហោះទៅ អាហ្សង់ទីន រយៈពេល៣ខែដោយសារពុំមានភាពចុះសម្រុងជាមួយអ្នកចាត់ការទូទៅក្លិប Manchester City លោក Roberto Mancini៕