អាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta International Airport ដែលមានចំងាយ២៦គីឡូម៉ែត្រពីទីក្រុង Jarkata នឹងក្លាយជាច្រកចេញចូលដ៏សំខាន់សម្រាប់អត្តពលិកចូលកីឡាអាស៊ី ( 2018 Asian Games ) ដែលធ្វើនៅឥណ្ឌូនេស៊ី។

ត្បិតស្ថិតនៅចំងាយប្រហេល២៦គីឡូម៉ែត្រពីទីក្រុង ប៉ុន្តែអាកាសយានដ្ឋានអន្តរជាតិនេះ គឺជាអាកាសយានដ្ឋានដែលមានទីតាំងជិតជាងគេបើធៀបទៅនឹងទីតាំងប្រកួត កីឡដ្ឋាន Gelora Bung Karno sports complex។

បើយោងទៅតាមសម្ដីលោក Erick Thohir ប្រធានគណៈកម្មាធិការរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីនេះ បានអោយដឹងថាទោះបីជាមិនមានការប្រកួតប្រជែងនៅក្នុងខេត្តនេះ តែវាក៏នឹងត្រូវដើរតួនៅក្នុងការទទួលភ្ញៀវអន្តរជាតិនៃប្រទេសឥណ្ឌូនេស៊ី។

លោក Erick បានបន្តថា៖ «តួនាទីរបស់អាកាសយានដ្ឋាននៅក្នុងការប្រកួតនេះមានសារៈសំខាន់ខ្លាំងណាស់។ ព្រលានយន្តហោះនេះនឹងក្លាយជាកន្លែងដំបូងគេ ក្នុងការនាំអោយឃើញរូបភាពនៃប្រទេសឥណ្ឌូនេស៊ី នៅក្នុងគំនិតរបស់ភ្ញៀវ»។

នាយកផ្នែកទំនាក់ទំនងរដ្ឋាភិបាលឥណ្ឌូណេស៊ី លោក Raja Parlindungan Pane ដែលបានផ្តួចផ្តើមកិច្ចប្រជុំនោះបាននិយាយថាការពិភាក្សានោះក៏មានទំនាក់ទំនងទៅនឹងបញ្ហាបច្ចេកទេសរបស់ព្រលានយន្តហោះផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី ឆ្នាំ២០១៨ ( Asian Games 2018 )  គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា រហូតដល់ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៨ ជាមួយនឹងកីឡាចំនួន៤២ប្រភេទ លើវិញ្ញាសារ៤៨៤វិញ្ញាសារកីឡា ដោយមានប្រទេសមកជុំវិញទ្វីបអាស៊ីចូលរួមប្រកួត។

ព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី គឺជាព្រឹត្តិការណ៍កីឡាដែលធំជាងគេប្រចាំទ្វីប មានការប្រកួតចម្រុះគ្រប់ប្រភេទកីឡាសំខាន់ៗ ដែលធ្វើឡើងនៅរៀងរាល់៤ឆ្នាំម្ដង ដោយបានចាប់ផ្ដើមតាំងពីឆ្នាំ១៩៥១មក៕

 

រូបភាព: archnet & jakartaglobe