ទិវាកីឡាជាតិ នៅថ្ងៃសៅរ៍ខាងមុខនេះ ត្រូវបានគេរំពឹងថានឹងក្លាយជាព្រឹត្តិការណ៍ដ៏សប្បាយរីករាយថែមទៀតជាមួយនឹងការចូលរួមពីអត្តពលិកជាតិ ដែលបានចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ាន រួមមាន SEA Games និងកីឡាជនពិការអាស៊ាន Asean Para Games។
លោក Khairy Jamaluddin រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាបាននិយាយថា៖ «ទិវាកីឡាជាតិនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែតុលា»។
«គ្រប់បណ្ដារដ្ឋ និងខណ្ឌទាំងអស់នឹងត្រូវអនុវត្តសកម្មភាព។ ខ្ញុំបានណែនាំដល់អត្តពលិកទាំងអស់ដែលបានចូលរួមប្រកួតនៅ Sea Games និង Asean Para Games ដើម្បីវិលត្រឡប់ទៅកាន់រដ្ឋរបស់ខ្លួនវិញដើម្បីបន្ថែមភាពរីករាយនិងការរំភើប»។ លោក Khairy បន្ថែម។
ព្រឹត្តិការណ៍កីឡាថ្នាក់ជាតិនេះ នឹងត្រូវបានធ្វើឡើងដោយនាយករដ្ឋមន្រ្តី លោក Datuk Seri Najib Razak នៅកីឡដ្ឋាន Bukit Jalil ។
ក្នុងចំណោមសកម្មភាពដែលត្រូវបានគ្រោងទុក គឺមានការប្រណាំងកង់, បាល់បោះ, បាល់ទាត់ក្នុងសាល និងកីឡាប្រពៃណី។
ទិវាកីឡាជាតិដែលប្រារព្ធនៅ ថ្ងៃសៅរ៍ សប្ដាហ៍ទី២ នៃខែតុលាជារៀងរាល់ឆ្នាំមានបំណងធ្វើឱ្យប្រទេសម៉ាឡេស៊ីក្លាយជា «ប្រទេសជាតិកីឡា»។
គួរបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍កីឡា SEA Games ម្ចាស់ផ្ទះម៉ាឡេស៊ី រកមេដាយមាសបានរហូតដល់១៤៥គ្រឿង ប្រាក់៩២ និងសំរឹទ្ធ៨៦ សរុប៣២៣មេដាយ ស្របពេលដែលកីឡាអាស៊ានជនពិការ Asean Para Games ម៉ាឡេស៊ី រកបានមេដាយ២៤៨មេដាយ ក្នុងនោះ មាស៩០ ប្រាក់៨៥ និងសំរឹទ្ធ៨៣៕
រូបភាព: straits times