គណៈកម្មាធិការរៀបចំកីឡាអាស៊ី ឥណ្ឌូណេស៊ី (INASGOC) បាននិយាយថាទីកន្លែងដែលនឹងត្រូវបានប្រើនៅក្នុងការប្រកួតកីឡាអាស៊ី Asian Games 2018 នឹងត្រូវប្រកាសជាផ្លូវការនៅខែធ្នូ ចុងឆ្នាំ២០១៧នេះ។

«សម្រាប់ការសម្រេចទីតាំងប្រកួត យើងរំពឹងថានឹងមានភាពប្រសើរជាងមុន ហើយអតិបរមាគឺនៅខែធ្នូ ឆ្នាំ២០១៧នេះ ដូច្នេះអត្តពលិករបស់យើងក៏មានពេលគ្រប់គ្រាន់ដើម្បីរៀបចំហ្វឹកហាត់នៅទីលានដើម្បីបន្តការប្រកួតអោយល្អប្រសើរជាងមុន»។ អនុប្រធានប្រតិបត្តិកីឡាអាស៊ី ឥណ្ឌូណេស៊ី (INASGOC) លោក Djoko Pramono បាននិយាយដែលបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Antara។

លោក Pramono បានបន្តថារហូតមកដល់ពេលនេះមានកន្លែងជាច្រើនដែលត្រូវបានសាងសង់ ប៉ុន្តែមិនទាន់បានបញ្ចប់ និងរួចរាល់សម្រាប់ប្រើប្រាស់ជាទីតាំងនៃការប្រកួតប្រជែងនៅឡើយ បើទោះបីជាទីលានប្រកួតមួយចំនួននៅតែមិនទាន់ឈានដល់ដំណាក់កាលនៃការអភិវឌ្ឍន៍នៅឡើយក៏ដោយ។

ទាក់ទងនឹងកន្លែងប្រកួតជាច្រើនមិនទាន់បានបញ្ចប់នៅឡើយនោះ លោក Pramono បាននិយាយថា «INASGOC កំពុងស្វែងរកដំណោះស្រាយ»។

មានកីឡាមួយចំនួននៅទាន់មានកន្លែងសម្រាប់ប្រកួត ក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី ដូចជាកីឡាឡើងភ្នំ និងវាយកូនបាលជាមួយជញ្ជាំងជាដើម។ កីឡាទាំងពីរកំពុងស្ថិតនៅក្នុងការប្រណាំងសាកល្បង។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី ឆ្នាំ២០១៨ ( Asian Games 2018 )  គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា រហូតដល់ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៨ ជាមួយនឹងកីឡាចំនួន៤២ប្រភេទ លើវិញ្ញាសារ៤៨៤វិញ្ញាសារកីឡា ដោយមានប្រទេសមកជុំវិញទ្វីបអាស៊ីចូលរួមប្រកួត។

ព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី គឺជាព្រឹត្តិការណ៍កីឡាដែលធំជាងគេប្រចាំទ្វីប មានការប្រកួតចម្រុះគ្រប់ប្រភេទកីឡាសំខាន់ៗ ដែលធ្វើឡើងនៅរៀងរាល់៤ឆ្នាំម្ដង ដោយបានចាប់ផ្ដើមតាំងពីឆ្នាំ១៩៥១មក៕

 

រូបភាព: egamersworld & tirto.id