គ្រូបង្វឹកជ្រើសរើសជាតិវៀតណាម លោក Dai Duc Chung បានប្រាប់ពីមូលហតុដែលវៀតណាមអាចយកឈ្នះកម្ពុជា ក្នុងលទ្ធផល ២ ទល់នឹង១ ក្នុងជំនួបប្រកួត AFC Asian Cup 2019 វគ្គជម្រុះ កាលពីថ្ងៃទី០៥ ខែកញ្ញា ម្សិលមិញថា កម្ពុជាមានចំណុចខ្សោយ ចំននួ៣ គឺមានចន្លោះប្រហោងនៅតំបន់ខ្សែការពារស្តាំ ដែលចូលចិត្តឡើងជួយគាំទ្រខ្សែប្រយុទ្ធ ហើយលេងប្រព័ន្ធ ៤-២-៤ មានចន្លោះប្រហោងនៅតំបន់កណ្តាល និងលេងបាល់វែង។
គ្រូបង្វឹកដែលទើបចូលមកដឹកក្រុមវៀតណាមថ្មីៗនេះ បន្ថែមថា ចំណុចខ្សោយនៅត្រង់ខ្សែការពារស្តាំនោះ គឺនៅពេលដែលគេមានបាល់ ព្យាយាមសហការជាមួយខ្សែប្រយុទ្ធ ព្រោះគេជាកីឡាករដែលមានចិត្តចង់ជួយគាំទ្រខ្សែប្រយុទ្ធនៅពេលដែលមានបាល់ ដូច្នេះធ្វើឲ្យមានចន្លោះប្រហោងនៅតំបន់ការពារស្តាំរបស់គេទើបធ្វើឲ្យកីឡារលេខ៦ វៀតណាមមានឱកាសប្រយុទ្ធ។ ប៉ុន្តែបើទោះជាយ៉ាងណា ក៏ក្រុមវៀតណាមមិនមានឱកាសប្រយុទ្ធនៅតំបន់នោះប៉ុន្មានទេ។ លោនបន្ថែមទៀតថា ការលេងប្រព័ន្ធ ៤-២-៤ ទម្រង់បែបនេះ ធ្វើតំបន់កណ្តាលរបស់កម្ពុជាមានចន្លោះប្រហោងនៅតំប់នោះ ងាយស្រួលវាយបកបានវិញភ្លាមៗ មួយវិញទៀតកម្ពុជាលេងបាល់វែង ដែលការលេងបែបនេះធ្វើឲ្យលោកចាប់ចំណុចនេះបាន និងឲ្យកូនក្រុមរបស់លោកត្រូវការពារបាល់វែងនេះ ទើបធ្វើការប្រយុទ្ធរបស់កម្ពុជាមិនសូវមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា វគ្គជម្រុះសន្សំពិន្ទុនេះ មាន៦ពូល ដោយក្រុមលេខ១ និងក្រុមចំណាត់ថ្នាក់លេខ២ ក្នុងពូលនីមួយៗស្មើនឹង១២ក្រុមនឹងបានឡើងទៅវគ្គ២៤ក្រុមចុងក្រោយ ជាមួយនឹង១២ក្រុមផ្សេងទៀត ដែលឈររង់ចាំស្រាប់ តាមរយៈការប្រកួតជម្រុះ World Cup កាលពីកន្លងទៅ ដោយវគ្គ២៤ក្រុមចុងក្រោយ នឹងធ្វើនៅប្រទេសអារ៉ាប់រួម នាឆ្នាំ២០១៩ ខាងមុខ៕