កីឡាករកូនកាត់ឥណ្ឌូនេស៊ី ហូឡង់ កីឡាករ Ezra Walian នឹងខកខានជួយក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម២៣ឆ្នាំ ដោយសារកំពុងកើតជម្ងឺឆ្លងមួយប្រភេទ។

កីឡាករដែលធ្លាប់ប្រកបអាជីពជាមួយឈុតបម្រុងនៃក្លិប Ajax Amsterdam រូបនេះបានឆ្លងនូវជម្ងឺម៉្យាងដែលមានឈ្មោះថា salmonella នៅប្រទេសកំណើតរបស់ខ្លួនហូឡង់។

ប្រការនេះនឹងធ្វើអោយកីឡាករវ័យ១៩ឆ្នាំរូបនេះ នឹងអវត្តមានមិនអាចជួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម២៣ឆ្នាំប្រកួតក្នុងពានរង្វាន់ AFC U-23 Championship 2018 ក្នុងវគ្គជម្រុះបានឡើយ។

យ៉ាងណាមិញសហព័ន្ធកីឡាបាល់ទាត់ឥណ្ដូនេស៊ី នូវតែរំពឹងជឿជាក់ថាជម្ងឺរបស់កីឡាកររូបនេះ​ នឹងជាសះស្បើយមុនការប្រកួតកីឡា SEA Games ដែលនឹងធ្វើឡើងនៅខែក្រោយនេះ ដោយនៅរក្សាឈ្មោះ Ezra Walian នៅក្នុងព្រឹត្តិការណ៍នេះដដែល។

គួរបញ្ជាក់ថា នៅខែកក្កដា នេះជម្រើសជាតិអាយុក្រោម២៣ឆ្នាំឥណ្ឌូនេស៊ី នឹងត្រូវប្រកួតក្នុងពានរង្វាន់  AFC U-23 Championship 2018 វគ្គជម្រុះ ប្រចាំពូល H ដែលត្រូវរួមពូលជាមួយ U-23 ថៃដែលជាម្ចាស់ផ្ទះ U-23 ម៉ាឡេស៊ី និង U-23 ម៉ុងហ្គោលី។

កីឡាករ Ezra Walian គឺជាកីឡាករដែលមានដើមកំណើតនៅប្រទេសហូឡង់ និងមានឪពុកជាជនជាតិឥណ្ឌូនេស៊ី។ ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ ថ្មីៗនេះ រូបគេបានទទួលបានសញ្ជាតិ ឥណ្ឌូនេស៊ី ជាផ្លូវការបន្ទាប់ពីមានការយល់ព្រមពីរដ្ឋាភិបាល៕

 

 

រូបភាព៖ bola.liputan6.com