ក្រុមការពារតំណែងជើងឯកបឹងកេត និង ណាហ្គាវើល នៅតែរក្សាភាពខ្លាំងរបស់ខ្លួនដោយមិនទាន់ស្គាល់ពាក្យបរាជ័យឡើយរហូតដល់សប្តាហ៍ទី៦នៃលីគកំពូលកម្ពុជា២០១៨នេះ បន្ទាប់ពីទទួលបានជ័យជម្នះដូចៗគ្នាកាលពីម្សិលមិញ។
ក្នុងជំនួបកាលល្ងាចមិញនៅកីឡដ្ឋានស្តាតចាស់ ស្វាយរៀងបាននាំមុខ ១-០ តាំងពីនាទី១៣ដោយកីឡាករ Booysen Shane។ ដោយឡែក បឹងកេត រកគ្រាប់បាល់តាមស្មើ ១-១ ដោយការទាត់ពិន័យ១១ម៉ែត្ររបស់កីឡាករប្រេស៊ីល Mycon។ ៣នាទីក្រោយមក Samuel Ajayi ស៊ុតគ្រាប់បាល់នាំមុខ ២-១ ហើយនៅម៉ោងបន្ថែម៩០+ទៅហើយ ខ្សែប្រយុទ្ធ Julius Oiboh រកបាន១គ្រាប់ដែលជាគ្រាប់ទី៣។
ងាកមកកាន់កីឡដ្ឋាន RSN វិញ ភ្នំពេញក្រោនបានឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិដោយលទ្ធផល៤ទល់នឹង០។ ៤គ្រាប់របស់ក្រុមម្ចាស់ផ្ទះធ្វើបានសម្រេចដោយ អ៊ុន សុវណ្ណ ២គ្រាប់ គឺស៊ុតពិន័យ១១ម៉ែត្រនៅនាទីទី៣៦ និង១គ្រាប់ទៀតនៅនាទីទី៧៨។ កីឡាករវ័យក្មេង ស៊ីន កក្កដា ស៊ុតបាន១គ្រាប់នៅនាទីទី៥៣ និងកីឡាករជប៉ុន Atsushi Shirota នៅនាទីទី៦៧៕
ដោយឡែក ណាហ្គាវើលបានបន្តឈ្នះសប្តាហ៍ទី៦ទៀត តាមរយៈការ ទម្លាយសំណាញ់ទីក្រុមសូទីលូអង្គររហូតដល់៤គ្រាប់។ សារី ម៉ាត់ណូរ៉ូទីន រកបាន៣គ្រាប់ម្នាក់ឯងនៅនាទីទី៣, ៣៤ និង៤៤ ហើយ១គ្រាប់ទៀតរកបានដោយកីឡាករផ្ការីកគ្រប់រដូវ សុះ ស៊ូហាណា នៅនាទីទី៨៥។ ទោះជាយ៉ាងណា សូទីឡូអង្គរក៏រកបាន១គ្រាប់មកវិញដោយកីឡាករ Kento Fujihara នៅនាទីទី៦៦។
ចំណែក១គូទៀតគឺ អគ្គិសនីកម្ពុជាបានយកឈ្នះទៅលើក្រុមវេស្ទើនភ្នំពេញដោយលទ្ធផល ២-០ នៅកីឡដ្ឋានវេស្ទើន។ ២គ្រាប់របស់អគ្គិសនីកម្ពុជារកបានដោយកីឡាករ ផានី អ៊ីរដ្ឋានៅនាទីទី៥០ និងអតីតកីឡាករណាហ្គាវើល ជិត ជុំនៅនាទីទី៨៧។
ទស្សនាវីដេអូហាយឡាយ៖