ក្លឹបបាល់ទាត់មានមូលដ្ឋាននៅខេត្តសៀមរាប អង្គរថាយហ្គ័រ បានប្រកាសពីការចុះកុងត្រាយកខ្សែប្រយុទ្ធសញ្ជាតិខ្មែរម្នាក់សម្រាប់ជួយក្រុមក្នុងរដូវកាលថ្មី២០១៨ខាងមុខ។
កីឡាករថ្មីដែលទើបចុះកុងត្រាជាមួយ Tiger មួយនេះឈ្មោះ ប៉ោ សុខុម វ័យ១៧ឆ្នាំធ្លាប់លេងក្នុងក្លឹបមិនអាជីព គិរីដងរែក។ កីឡាករម្នាក់នេះមានមានស្រុកកំណើតនៅឃុំ ស្វាយដង្គំ, ស្រុកសៀមរាប, ខេត្តសៀមរាប តួនាទីខ្សែប្រយុទ្ធ។
អំឡុងចុះហត្ថលេខាលើកុងត្រាជាជាកីឡាករអាជីពជាមួយ Angkor Tiger, សុខុមបានបញ្ចេញចំណាប់អារម្មណ៍ដូច្នេះ៖ ខ្ញុំមានអារម្មណ៏សប្បាយចិត្តខ្លាំងណាស់ ដែលបានចូលរួមជាមួយក្លិប អង្គរថាយហ្គឺរ ដែលមានទីតាំងនៅខេត្តសៀមរាប ជាស្រុកកំណើតរបស់ខ្ញុំផ្ទាល់។ ខ្ញុំនឹងខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករអាជីពម្នាក់”។
សូមបញ្ជាក់ផងដែរថា សុខុមគឺជាកីឡាករសញ្ជាតិខ្មែរទី៣ហើយដែលបានចុះកុងត្រាជាមួយអង្គរថាយហ្គ័រក្នុងរដូវដោះដូរកីឡាករនេះខណៈកាលពីប៉ុន្មានថ្ងៃមុនក្លឹបមួយនេះបានចុះកុងត្រាយក ស៊ឹង ណារិទ្ធមកខេត្តបាត់ដំបងនិង ឈង់ ប៊ុនណាត៕